(ប៉េកាំង)៖ «គោលនយោបាយចិនតែមួយ» គឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍចំណងមិត្តភាពជាមួយប្រទេសចិន ហើយគ្មានប្រទេសណាមួយអាចមានការលើកលែងពិសេសចំពោះគោលការណ៍នេះឡើយ។ នេះបើតាមសម្តីរបស់រដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី (Wang Yi) ដែលដកស្រង់ដោយសារព័ត៌មានChannel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០១៦។
ថ្លែងនៅក្នុងកិច្ចសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសបារាំងលោក ហ្សង់ ម៉ាក អៃរ៉ូល (Jean Marc Ayrault) លោក វ៉ាង បានលើកឡើងថា បញ្ហាកោះតៃវ៉ាន់បានបង្កជាក្តីព្រួយបារម្ភខ្លាំងចំពោះដែនអធិបតេយ្យភាព ក៏ដូចជាបូរណភាពទឹកដីរបស់ប្រទេសចិន ដោយលោកបានគូសបញ្ជាក់ដូច្នេះថា «គោលនយោបាយចិនតែមួយ» គឺជាលក្ខខណ្ឌចាំបាច់ទុកជាមុន និងជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតសម្រាប់បណ្តាប្រទេសនានា ក្នុងការអភិវឌ្ឍទំនាក់ទំនងរបស់ពួកគេជាមួយនឹងចិន ហើយនៅពេលដែលថាបញ្ហាដ៏សំខាន់នេះត្រូវ ឬខុសនោះពុំមានប្រទេសណាមួយ ដែលអាចទទួលបានករណីលើកលែងពិសេសឡើយ»។
ជាមួយគ្នានេះដែរលោក វ៉ាង យី បានក៏បានឆ្លៀតឱកាសសម្តែងពីការពេញចិត្តរបស់លោក ចំពោះគោលជំហរយ៉ាងច្បាស់របស់ប្រទេសបារាំង ទាក់ទងនឹងបញ្ហា «ចិនតែមួយ» ដែលត្រូវបានបញ្ជាក់តាមរយៈមន្ត្រីជាន់ខ្ពស់បារាំងលោក អៃរ៉ូល ផងដែរ។
គួរបញ្ជាក់ថាប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ កាលពីសប្តាហ៍មុនបានធ្វើឲ្យចិនមិនសប្បាយចិត្តនោះឡើយ នៅពេលដែលលោកបាននិយាយទូរស័ព្ទជាមួយនឹងប្រធានាធិបតីនៃកោះតៃវ៉ាន់ ដែលចិនអះអាងជាខេត្តមួយរបស់ខ្លួនប៉ុណ្ណោះ ហើយលោក ត្រាំ បានព្រមានថាចង់បោះបង់ចោល «នយោបាយចិនតែមួយ» ថែមទៀតផង ដែលប្រការនេះបានបណ្តាលឲ្យផុសចេញនូវមន្ទិល ចំពោះនយោបាយជិតបួនទសវត្សរ៍របស់ទីក្រុងវ៉ាស៊ីនតោន ដែលបានបន្តទទួលស្គាល់ថា កោះតៃវ៉ាន់គ្រាន់តែជាផ្នែកនៃ «ចិនតែមួយ» រហូតមក៕