(អេហ្ស៊ីប)៖ គណៈកម្មាធិការស៊ើបអង្កេតការហោះហើរ នៃប្រទេសអេហ្ស៊ីប បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនរកឃើញវត្តមាននៃសារធាតុផ្ទុះនៅលើខ្លួនសាកសពរបស់ជនរងគ្រោះ នៅក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះ ជើងហោះហើរលេខ MS804 របស់ប្រទេសអេហ្ស៊ីប កាលពីខែឧសភាកន្លងទៅ ដែលបានសម្លាប់មនុស្ស៦៦នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Telegraph នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៦។
សេចក្តីថ្លែងការណ៍ដែលចេញដោយក្រសួងអាកាសចរណ៍ស៊ីវិលប្រទេសអេហ្ស៊ីប បានឲ្យដឹងដែរថា ខណៈពេលនេះការស៊ើបអង្កេតឧក្រិដ្ឋកម្មទ្រង់ទ្រាយធំជុំវិញករណីធ្លាក់យន្តហោះខាងលើនឹងត្រូវចាប់ផ្តើម។
គួរបញ្ជាក់ដែរថា កាលពី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ យន្តហោះ EgyptAir ជើងហោះហើរលេខ MS804 ហោះពីទីក្រុងប៉ារីស ទៅកាន់ទីក្រុងគែរ ប្រទេសអេហ្ស៊ីប បានបាត់ខ្លួន និងត្រូវបានគេរកឃើញធ្លាក់នៅក្នុងសមុទ្រមេឌីទែរ៉ាណេ ដោយបានស្លាប់មនុស្ស៦៦នាក់។ ហើយពុំមានការប្រកាសអាសន្នណាមួយ ត្រូវបានហៅចេញកាន់ទីស្នាក់ការគ្រប់គ្រងការហោះហើរនោះឡើយ នៅមុនពេលដែលវាបានធ្លាក់។
ពេលដែលយន្តហោះធ្លាក់ភ្លាមៗ នាពេលនោះក្រុមអ្នកស៊ើបអង្កេតបានអះអាងថា មានផ្សែងហុយចេញពីយន្តហោះមុនពេលដែលវាធ្លាក់ដោយសម្អាងថា សារអេឡិចត្រូនិកដែលបានផ្ញើដោយស្វ័យប្រវត្តិនៅក្នុងប្រអប់ខ្មៅ បានបង្ហាញថា នៅមុនពេលធ្លាក់យន្តហោះ EgyptAir មានហុយផ្សែងខ្មៅចេញពីបង្គន់ ហើយក៏រាលដាលដល់ខាងក្រោមកាប៊ីនយន្តហោះ ដោយវាបានកើតឡើងប៉ុន្មាននាទីមុន ពេលយន្តហោះបាត់ខ្លួន៕