(ពិភពលោក)៖ រំលឹកដល់ប្រវត្តិក្នុងការបង្កើនទំនាក់ទំនងល្អប្រសើរ រវាងគូរសត្រូវអាមេរិក និងរុស្ស៊ី ធ្លាប់ទទួលរងភាពបរាជ័យជាច្រើនលើកច្រើនសារ។ ជាក់ស្តែងអតីតប្រធានាធិបតី សហរដ្ឋអាមេរិក លោក George W. Bush ជាមេដឹកនាំម្នាក់ធ្លាប់ព្យាយាមផ្សះផ្សារទំនាក់ទំនងនេះ។ ចំណែកប្រធានាធិបតី កំពុងកាន់អំណាចលោក Barak Obama និងលោកស្រី Hillary Clinton ក៏ធ្លាប់ព្យាយាមដូចគ្នា។ ហើយជាថ្មីម្តងទៀត ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump កំពុងប្តេជ្ញាក្នុងការចាប់ផ្តើមទំនាក់ទំនងល្អជាមួយរុស្ស៊ីដូចគ្នាផងដែរ។
ប៉ុន្តែសំណួរសួរថា តើលោក Trump អាចដណ្តើមបានភាពជោគជ័យ ជាងប្រធានាធិបតីមុនៗដែរឬទេ? ព្រោះដំបូងឡើយអតីតមេដឹកនាំទាំងនោះហាក់មានទំនុកចិត្ត និងបានបង្ហាញឥទ្ធិពលជាខ្លាំង តែទីបំផុតត្រូវបញ្ចប់ដោយភាពបរាជ័យដដែល ដោយសារឥរិយាបទរបស់ប្រធានាធិបតីរុស្ស៊ី លោកVladimir Putin។
លោក Trump ធ្លាប់បានបង្ហាញពីទំនោរបស់លោកទៅលើបុរសខ្លាំង Putin ដោយគ្មានលាក់បាំង។ ជាក់ស្តែងក្នុងពេលម្តងនោះ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត លោកធ្លាប់បានលើកឡើងថា លោក Putin ជាមេដឹកនាំដែលប្រសើរជាងលោក Obama។ មិនតែប៉ុណ្ណោះលោកបានតែងតាំងលោក Tillerson ដែលមានទំនាក់ ទំនងល្អជាមួយលោក Putin ធ្វើជារដ្ឋមន្ត្រីការបរទេសអាមេរិក ដែលនេះជារឿងមួយក្នុងចំណោមហេតុផលផ្សេងទៀត ដែលធ្វើឱ្យរុស្ស៊ីរីកមុខរីកមាត់ ក្នុងការពិចារណា ឡើងវិញពីទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក។
ការបោះជំហានបែបថ្មីរបស់លោក Trump ក្នុងទំនាក់ទំនងជាមួយប្រធានាធិបតី Putin បានបង្ហាញពីទិសដៅគោលនយោបាយការបរទេសដ៏ច្បាស់លាស់មួយ។ ទាក់ទិននឹងបញ្ហានេះ ធ្វើឱ្យមានការពិចារណាថា តើរបត់បែបថ្មីនេះនឹងផ្តល់ផលវិជ្ជមាន និងអវិជ្ជមានបែបណាខ្លះដល់សហរដ្ឋអាមេរិក រុស្ស៊ី និងពិភពលោកទាំងមូល?
* លោក Trump អាចនឹងបិទភ្នែកមិនអើពើកំហុសឆ្គងរុស្ស៊ី
បច្ចុប្បន្នលោក Trump កំពុងពិចារណាដើម្បីស្វែងរកមធ្យោបាយ ដែលអាចឱ្យភាគីទាំងពីរសហការណ៍គ្នា ហើយតម្រូវឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន គួរបិទភ្នែកមិនអើពើចំពោះកំហុសឆ្គងរបស់រុស្ស៊ីលើបញ្ហាមួយចំនួនដូចជា ការបំពានសិទ្ធិមនុស្ស និងគោលនយោបាយការបរទេសជាដើម។
ដោយឡែកពាក់ព័ន្ធនឹងបញ្ហាស៊ីរីវិញ សហរដ្ឋអាមេរិក ចាំបាច់ត្រូវដកការគាំទ្រពីក្រុមបះបោរប្រឆាំងរដ្ឋាភិបាលស៊ីរី ព្រមទាំងសម្របខ្លួនជាមួយរបបដឹកនាំប្រទេសនេះ ដែលកន្លងមកសហរដ្ឋអាមេរិកធ្លាប់បានចោទប្រកាន់ថា បានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម និងស្ថិតនៅពីក្រោយអំពើហិង្សាដ៏ឃោឃៅក្នុងទីក្រុង អាឡេប៉ូ។
មិនតែប៉ុណ្ណោះដើម្បីស្តាឡើងវិញនូវទំនាក់ទំនងជាមួយរដ្ឋាភិបាលក្រុង ម៉ូស្គូ លោក Trump ចាំបាច់ត្រូវបង្ហាញភាពព្រងើយកន្តើយ ចំពោះលទ្ធផលស៊ើបអង្កេត របស់សភាអាមេរិក និងសេតវិមាន ដែលបានរកឃើញថា រុស្ស៊ីបានលូកដៃក្នុងការបោះឆ្នោត។ លោក Trump ក៏ត្រូវតែបដិសេធចំពោះភ្នាក់ងារចារកម្ម របស់សហរដ្ឋអាមេរិក ដែលរកឃើញដូចគ្នាថា រុស្ស៊ីបានលូកដៃក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីផងដែរ។
និយាយពីអង្គការណាតូវិញ អង្គការនេះអាចប្រឈមមុខនឹងភាពរង្គោះរង្គើ មូលហេតុដោយសារកន្លងមកលោក Trump បានរិះគន់យ៉ាងចាស់ដៃ ព្រមទាំងគ្រោងនឹងដកខ្លួនពីអង្គការមួយនេះ។ ហេតុនេះបើរុស្ស៊ីដែលជាមហាអំណាចមួយគាំទ្រគោលជំហរអាមេរិក នោះនឹងអង្គការណាតូកាន់តែឯកោថែមទៀត ព្រមទាំងអាចបាត់បង់គោលជំហរបស់ខ្លួនបាន។
* តើលោក Trump អាចនឹងដកទណ្ឌកម្មពីរុស្ស៊ីដែរឬទេ?
គ្មានអ្វីគួរឱ្យឆ្ងល់នោះទេ លោកTrump ទំនងជាមិនពិភាក្សាជាមួយសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកក្នុងការដកទណ្ឌកម្មចេញពីរុស្ស៊ីនោះឡើយ។ លោក Trump អាចនឹងសម្រេចចិត្តទៅលើរឿងនេះភ្លាមៗ ព្រោះថារដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រគល់សិទ្ធផ្តាច់មុខដល់ប្រធានាធិបតីក្នុងការសម្រេចចិត្តទៅលើរឿងនេះ រួចទៅហើយ តាំងពីសម័យលោកអូបាម៉ាមកម្ល៉េះ។
ជាការពិត ការបង្កើនទំនុកចិត្តក្នុងទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុង ម៉ូស្គូ និងវ៉ាស៊ីនតោន អាចផ្តល់នូវផលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរ។ វាទាមទារឱ្យសហរដ្ឋអាមេរិក ត្រូវបញ្ឈប់ការប្រឆាំងរុស្ស៊ីលើវិបត្តិគ្រីមៀ និងដកទណ្ឌកម្មពីមន្ត្រីជាន់ខ្ពស់រុស្ស៊ី ដែលកន្លងមកវាជាការដាក់ទណ្ឌកម្ម ដើម្បីឆ្លើយតបនឹងរុស្ស៊ីដែលបានលេបយកទឹកដីប្រទេស អ៊ុយក្រែន។
ប្រសិនបើសហរដ្ឋអាមេរិកដកទណ្ឌកម្មពីរុស្ស៊ីពិតមែននោះ វានឹងធ្វើឱ្យរុស្ស៊ីកាន់តែអាចបង្កើនអំណាចរបស់ខ្លួនទៅលើបណ្តាប្រទេសដទៃទៀតលើពិភពលោក។ លោក Steven Piter អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេស អ៊ុយក្រែន បានបញ្ជាក់ថា «ត្រឹមតែទទួលយកឥរិយាបទខុសទំនងរបស់រុស្ស៊ី វាក៏ជាបញ្ហាគ្រោះថ្នាក់ ផងដែរ ដែលនឹងបង្កជាបញ្ហាដល់សហរដ្ឋអាមេរិកដែលធ្លាប់ប្រឹងប្រែងទប់ស្កាត់រុស្ស៊ីក្នុងការជះឥទ្ធិពលរបស់ខ្លួនទៅលើពិភពលោកទាំងមូល»។ លោកក៏បានបញ្ជាក់ផងដែរថា ការលូកដៃរបស់រុស្ស៊ីក្នុងបញ្ហានៅប្រទេស អឺរ៉ុបខាងកើត វាហាក់ហួសពីដែនកំណត់ពេកហើយ។
ក្នុងពេលឃោសនាបោះឆ្នោត លោក Trump បានបង្ហាញចេទនាថា លោកនឹងជម្រុញទំនាក់ទំនងជាមួយរុស្ស៊ី។ ហេតុនេះការជ្រើសរើសរដ្ឋមន្ត្រីការបរទេសថ្មី សម្រាប់សហរដ្ឋអាមេរិក គ្មានអ្នកណាប្រសើរជាង លោក Tillerson ដែលជាមនុស្សជំនិតលោក Putin នោះទេ។ ការជ្រើសរើសលោក Tillerson ដែលជាមនុស្សមានទស្សនៈប្រឆាំងការដាក់ទណ្ឌកម្ម និងជា ECO របស់ក្រុមហ៊ុនប្រេង Exxon Mobil ដែលទទួលបានផលប្រយោជន៍ច្រើន ពីការធ្វើកិច្ចសន្យាជាមួយរុស្ស៊ីនោះ ក៏ត្រូវបានគេចាត់ទុកថា ជាផ្នែកមួយនៃការផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិក ហើយក៏ជាការជម្រុញការដកទណ្ឌកម្មពីរុស្ស៊ីផងដែរ។
* ទំនាក់ទំនងថ្មីនេះ អាចក្លាយជាឱកាសល្អសម្រាប់ស៊ីរី ហើយក៏ជាហនីភ័យផងដែរ
គោលដៅសំខាន់មួយសម្រាប់លោក Trump ក្នុងការបង្កើនទំនាក់ទំនងជាមួយរុស្ស៊ី គឺដោះស្រាយវិបត្តិនៅមជ្ឈឹមបូព៌ា។ ប្រធានាធិបតីជាប់ឆ្នោតរូបនេះ បានបញ្ជាក់ថា សហរដ្ឋអាមេរិកត្រូវការជម្រុញយុទ្ធសាស្ត្ររបស់ខ្លួនក្នុងការវាយបង្រ្កាបពួកឧទ្ទាមISIS ជាពិសេសនៅប្រទេស ស៊ីរី ហេតុនេះតើវាមិនមែនជាការប្រសើរទេឬ ក្នុងការរួមគ្នាជាមួយរុស្ស៊ី ដើម្បីកម្ទេចពួកISISនោះ?
សហរដ្ឋអាមេរិក បានបញ្ជាក់ជាថ្មីម្តងហើយម្តងទៀត ក្នុងការជម្រុញកិច្ចព្រមព្រៀងរួមគ្នាជាមួយរុស្ស៊ី ដើម្បីកម្ចាត់ពួក ISIS និងបញ្ចប់សង្គ្រាមស៊ីវិលនៅស៊ីរី។ គួររំលឹកផងដែរថា កិច្ចប្រឹងប្រែងរួមគ្នារវាងប្រទេសទាំងពីរធ្លាប់ត្រូវបានជាប់គាំង កាលពីខែតុលាកន្លងទៅនេះ បន្ទាប់ពីរុស្ស៊ីបង្ហាញការគាំទ្រទៅលើរបបដឹកនាំប្រទេស ស៊ីរី ព្រមទាំងវាយប្រហារទៅលើក្រុមបះបោរដែលមានសហរដ្ឋអាមេរិកនៅពីក្រោយខ្នង។
ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Wall Street លោក Trump បានរិះគន់ទៅលើក្រុមបះបោរស៊ីរី ដែលមានសហរដ្ឋអាមេរិកនៅពីក្រោយខ្នង ហើយលោកបាន បញ្ជាក់ថា លោកចាប់អារម្មណ៍ទៅលើការរួមគ្នាជាមួយរុស្ស៊ីក្នុងការបង្ក្រាបពួក ISIS ជាជាងទាញទម្លាក់ប្រធានាធិបតីស៊ីរី។
ហេតុនេះការរួមកម្លាំងគ្នារវាងមហាអំណាចទាំងពីរអាចក្លាយជារឿងល្អមួយសម្រាប់ស៊ីរី។ ប៉ុន្តែគិតបែបផ្សេង កិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និងអាមេរិកក្នុងការបោសសម្អាតពួក ISIS អាចបង្កផលប៉ះបពាល់ដល់ការឈរជើងរបស់សហរដ្ឋអាមេរិកនៅតំបន់មជ្ឈឹមបូព៌ា។ ប្រសិនបើពួក ISIS ត្រូវបានបង្ក្រាបពិតមែននោះ វិបត្តិដែលកើតឡើងបន្ត គឺការប្រឈមមុខគ្នារវាងរុស្ស៊ី និងអាមេរិក ក្នុងការបង្កើនឥទ្ធិពលរបស់ខ្លួននៅតំបន់មជ្ឈឹមបូព៌ា។ ហេតុនេះតំបន់មជ្ឈឹមបូព៌ា ជាពិសេសស៊ីរី នៅតែក្លាយជាប្រទេសរងគ្រោះដដែល។
កុំភ្លេចថា សហរដ្ឋអាមេរិកមិនមែនមានបំណងត្រឹមតែទម្លាក់លោក Assad ដោយហេតុផលការបំពានសិទ្ធិមនុស្សប៉ុណ្ណោះទេ ប៉ុន្តែគោលដៅសំខាន់របស់ សហរដ្ឋអាមេរិកគឺបង្កើនឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់នោះផងដែរ។
ហេតុនេះការបង្កើនទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី អាចជាឱកាសក្នុងការបញ្ចប់សង្គ្រាមស៊ីវិល នៅស៊ីរី និងការរួចផុតពីកណ្តាប់ដៃពួកឧទ្ទាម ISIS ប៉ុន្តែស៊ីរីត្រូវប្រឈមមុខនឹងហនីភ័យមួយទៀត គឺការប្រជែងគ្នារវាងមហាយក្សទាំងពីរក្នុងការឈរជើងនៅក្នុងតំបន់នោះទាំងមូល។
និយាយជារួម ខណៈដែលអាមេរិកអាចទាញបានផលប្រយោជន៍មួយចំនួន ពីការបង្កើនទំនាក់ទំនងជាមួយរុស្ស៊ី ដូចជាការសើរើឡើងវិញនូវគម្រោងទប់ស្កាត់ ការរីកសាយភាពអាវុធនុយក្លេអ៊ែរ និងបង្កើនកិច្ចសហប្រតិបត្តិការស៊ីជម្រៅក្នុងការប្រឆាំងអំពើភេរវកម្មនោះ វាក៏ជាឱកាសសម្រាប់រុស្ស៊ី ក្នុងការបង្កើនឥទ្ធិពល របស់ខ្លួនសារជាថ្មីដូចក្នុងសម័យសង្គ្រាមត្រជាក់ ដែលក្នុងពេលនោះសហរដ្ឋអាមេរិក ត្រូវការពេលជាច្រើនទសវត្សរ៍ដើម្បីយកផ្តួលរំលំរបបកុម្មុយនីសរបស់រុស្ស៊ី៕
បកប្រែនិងសម្រួលដោយ៖ អ៊ឹត ចណ្ណា