(អាមេរិក)៖ ខ្សែក្រវ៉ាត់ដ៏ល្អប្លែកដែលព័ទ្ធជុំវិញភពសៅរ៍ដោយប្រៀបដូចជាចិញ្ចៀនមួយវង់នោះ ប្រហែលត្រូវគេចាត់ទុកថាជា «គ្រឿងអលង្ការ» ប្រចាំនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើងនេះ ប៉ុន្តែនាពេលថ្មីៗនេះគេបានសង្កេតឃើញថា ភពព្រហស្បតិ៍ ក៏មានបំពាក់នូវ «ត្បូងគុជខ្យង» ជាគ្រឿងសម្អាងផ្ទាល់ខ្លួនផងដែរ ហើយយានអាវកាសរបស់ទីភ្នាក់ងារអវកាសណាសា (NASA) មានរូបភាពសម្រាប់ធ្វើជាភស្តុតាង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានអវកាស Space នៅមុននេះបន្តិចនារសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៦។
យានអវកាសជូណូ (Juno) របស់ NASA ដែលបានធ្វើការហោះឆ្វែលយ៉ាងកៀកទៅនឹងភពព្រហស្បតិ៍កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ បានថតផ្តិតយករូបភាពមួយដែលបង្ហាញពីលក្ខណៈពិសេសទី០៧ ក្នុងចំណោមលក្ខណៈពិសេសទាំង០៨ ដែលបង្កើតបានជា «បន្តោងគុជ» ដ៏ស្រស់ស្អាតដែលតាមពិតទៅនោះ គឺជាខ្យល់ព្យុះដ៏ធំសម្បើម (ប៉ុនផែនដី) នៅលើភពដ៏ធំមហិមាដែលគ្របដណ្តប់ទៅដោយឧស្ម័នមួយនេះ។
បើយោងតាមអង្គការ NASA «គុជ» ទាំង០៨របស់ភពព្រហស្បតិ៍ ដែលជាខ្យល់ព្យុះមានទំហំធំមហាសាលនិងធ្វើចលនាវិលបញ្ច្រាស់ទ្រនិចនាឡិកានេះ ត្រូវបានមើលឃើញពីចម្ងាយក្នុងទម្រង់ជារង្វង់យក្សពណ៌ស ដែលមានទីតាំងស្ថិតនៅអឌ្ឍគោលខាងត្បូង។ ដោយឡែកចាប់តាំងពីឆ្នាំ១៩៨៦ មកចំនួននៃរង្វង់យក្សទាំងអស់នេះ គឺចាប់ពីទី ០៦ ទៅ០៩ មិនមានភាពច្បាស់លាស់នោះឡើយ ប៉ុន្តែបច្ចុប្បន្នពួកវាមានចំនួន ០៨រង្វង់ដែលគេអាចមើលឃើញ នៅលើផ្ទៃភពព្រហស្បតិ៍ទាំងមូល។
គួរបញ្ជាក់ថាការហោះឆ្វែលកាលពីថ្ងៃអាទិត្យ គឺត្រូវបានធ្វើឡើងជាលើកទីបីហើយសម្រាប់យាន Juno គិតចាប់តាំងពីវាបានធ្វើដំណើរទៅដល់ភពព្រហស្បតិ៍ កាលពីថ្ងៃទី០៤ ខែកក្កដា ហើយនឹងធ្វើការហោះហើរទៅកៀកភពមួយនេះម្តងទៀតនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ ខាងមុខនេះ។ ទីភ្នាក់ងារអវកាស NASA បានបញ្ជូនយានអវកាស Juno ទៅកាន់ភពព្រហស្បតិ៍កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១១ ហើយបេសកកម្មនេះត្រូវបានរចនាឡើងដើម្បីសិក្សាពីបរិយាកាស ដោយលម្អិតបំផុតមិនធ្លាប់មានពីមុនមកឡើយ និងដើម្បីអង្កេតតាមដានចំពោះផ្ទៃស្រទាប់ខាងក្នុងនៃភពព្រហស្បតិ៍ សំដៅស្វែងយល់ឲ្យកាន់តែច្បាស់ពីដើមកំណើត ទម្រង់ បរិយាកាស ក៏ដូចជាដែនម៉ាញេទិច នៃភពយក្សឧស្ម័នដ៏ធំធេងបំផុតមួយនេះ៕