(ប៉េកាំង)៖ បន្ទាប់ពីបានធ្វើឱ្យជប៉ុន និងតៃវ៉ាន់ក្ដៅស្លឹកត្រចៀក តាមរយៈការធ្វើសមយុទ្ធយោធាតាមផ្លូវអាកាសនៅឯតំបន់សមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះកងទ័ពអាកាសចិន បានអះអាងថា ការធ្វើសមយុទ្ធហោះហើររបស់ខ្លួនគឺជាទម្លាប់ និងជាសកម្មភាពយោធាធម្មតាៗតែប៉ុណ្ណោះ មិនគួរឡើយមានប្រតិកម្មខ្លាំងយ៉ាងនេះសោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៦។
កាលពីថ្ងៃសៅរ៍កន្លងទៅ យន្ដហោះយោធាចិនជាច្រើនគ្រឿង បានហោះឆ្វែលពីលើកោះអូគីណាវ៉ា និង កោះមីយ៉ាកុ របស់ជប៉ុន ព្រមទំាងដែនទឹកតៃវ៉ាន់ផងដែរ ហើយព្រមពេលជាមួយគ្នា ទីក្រុងតូក្យូបានបញ្ជូនយន្ដហោះតាមឃ្លំាមើលសកម្មភាពយន្ដហោះយោធាចិន ដែលបានចោទប្រកាន់យន្ដហោះយោធាជប៉ុនថាបានធ្វើសកម្មភាពប្រកបដោយគ្រោះថ្នាក់ និងគ្មានវិជ្ជាជីវៈ ខណៈទីក្រុងតូក្យូបានទាត់ចោលការចោទប្រកាន់នេះ។
ជុំវិញបញ្ហានេះដែរថ្លែងនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ កងទ័ពអាកាសចិនបាននិយាយថា «ការធ្វើសមយុទ្ធយោធាតាមផ្លូវអាកាស គឺធ្វើឡើងជាទម្លាប់ ដូចសព្វដង ស្របច្បាប់ និងសមហេតុផល ពេញដោយការទទួលខុសត្រូវ ហើយវាធ្វើឡើងក្នុងគោលបំណងអភិវឌ្ឍន៍សមត្ថភាពតាមកងទ័ពអាកាស ដើម្បីការពារដែនអធិបតេយ្យភាព និងបូរណភាពដែនដីរបស់ចិន»។
គួររំលឹកថាបើតាមប្រព័ន្ធផ្សព្វផ្សាយបរទេស យន្ដហោះយោធាចិនដែលហោះឆ្វែលពីលើតំបន់សមុទ្រចិនខាងត្បូង និងខាងកើត គឺជាប្រភេទយន្ដហោះយោធាទម្លាក់គ្រាប់បែកធុន H-6K និងយន្ដហោះចម្បាំង Su-30៕