(អាមេរិក)៖ តាមសម្តីរបស់ទីភ្នាក់ងារអវកាសអាមេរិក NASA អង្គការនេះនឹងមិនបំពាក់ឧបករណ៍បែបវិទ្យាសាស្ត្រណាមួយឲ្យស្មុគស្មាញ នៅក្នុងយានគំរូ SpaceX នោះឡើយនៅក្នុងបេសកកម្មសាកល្បងសម្រាប់គំរោងហោះហើរទៅកាន់ភពអង្គារ ដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំ២០១៨ ខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយវែបសាយ Space នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៦។
ប្រការខាងលើនេះត្រូវបាន NASA ធ្វើការបកស្រាយថា ខ្លួនត្រូវរង់ចាំពិនិត្យមើលការធ្វើតេស្តឲ្យចេញមកប្រកបដោយលទ្ធផលវិជ្ជមានជាមុនសិន ទើបហ៊ានដាក់បញ្ចូលឧបករណ៍វិទ្យាសាស្ត្រសម្រាប់ការហោះទៅកាន់ភពអង្គារតែម្តងនៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ២០៣០ ដែលនៅពេលនោះគឺជាប្រវត្តិសាស្ត្រទី២ សម្រាប់មនុស្សជាតិក្នុងការជាន់ទីឋានផ្សេងក្រៅពីភពផែនដី ក្រោយពីបានបំពេញបេសកកម្មលើឋានព្រះច័ន្ទដំបូងកាលពីឆ្នាំ១៩៦៩ ដោយបេសកកម្មអាប៉ូឡូទី១១។
លោក Jim Green ប្រធាននៃមន្ទីរវិទ្យាសាស្ត្រភព (PSD) របស់ NASA បានលើកឡើងយ៉ាងដូច្នេះថា «អង្គការ NASA នឹងរង់ចាំរហូតដល់ SpaceX បង្ហាញថាខ្លួនពិតជាអាចធ្វើការចុះចតដោយរលូននៅលើភពអង្គារបាន មុននឹងអង្គការនេះសម្រេចចិត្តបំពាក់ឧបករណ៍វិទ្យាសាស្ត្រ ដែលមានតម្លៃរាប់លានដុល្លារ ទៅក្នុងយានដែលមិនមែនជាការហោះសាកល្បងនោះ។ ការចុះចតនៅភពអង្គារពិតជារឿងដ៏លំបាកណាស់ ហើយខ្ញុំចង់ឲ្យមានការសម្រេចជោគជ័យបានមួយដងសិន»។
ជុំវិញបញ្ហានេះលោក Elon Musk នាយកប្រតិបត្តិ និងជាស្ថាបនិករបស់ក្រុមហ៊ុន SpaceX បាននិយាយថាការបង្ហោះយានសាកល្បងដែលគ្មានមនុស្សជិះ ទៅកាន់ភពអង្គារនឹងចាប់ផ្តើមនៅឆ្នាំ២០១៨ ហើយវាគឺជាការសាកល្បងក្នុងការចុះចតនៃយានដែលមានទម្ងន់ធ្ងន់នៅលើភពអង្គារ ដែលមិនធ្លាប់មាន។ យានដំបូងដែលនឹងហោះសាកល្បងទៅភពអង្គារនោះមានឈ្មោះ Dragon ដោយ NASA បានអះអាងថាយាននេះនឹងក្លាយជាឧបករណ៍ថ្មីមួយក្នុងការបញ្ចូនបរិក្ខាវិទ្យាសាស្ត្រទៅកាន់ភពអង្គារ សម្រាប់បេសកកម្មពិតប្រាកដ៕