(ម៉ិកស៊ីកូ)៖ ស្តេចក្រាញ់រត់ពន្ធគ្រឿងញៀនដ៏ល្បីល្បាញ នៅប្រទេសម៉ិកស៊ីកូមានឈ្មោះថា យ៉ូហ៉ាគីន ហ្គូសមែន (Joaquin Guzman) ហៅ អ៊ែល ឆាប៉ូ (El Chapo) នៅពេលថ្មីៗនេះមានអារម្មណ៍ថា អាកាសធាតុនៅក្នុងពន្ធនគារដែលលោកកំពុងជាប់ឃុំខ្លួននោះ ដូចជាត្រជាក់ខ្លាំងពេកទើបបានស្នើទៅកាន់តុលាការដើម្បីសុំភួយចំនួនមួយទៀតបន្ថែមហើយក៏ទទួលបានដូចបំណង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៦។
លោក ស៊ីលវៀ ឌែលហ្គាដូ (Silvia Delgado) មេធាវីរបស់លោក យ៉ូហ៉ាគីន ហ្គូសមែន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា នៅថ្ងៃព្រហស្បតិ៍នេះចៅក្រមរដ្ឋឈីវ៉ាវ៉ា (Chihuahua) ដែលស្ថិតនៅភាគខាងជើងប្រទេសម៉ិកស៊ីកូបានសម្រេចយល់ព្រមទៅតាមសំណើរបស់លោក ហ្គូសមែន បន្ទាប់ពីមេជួយដូរគ្រឿងញៀនរូបនេះបានដាក់ពាក្យបណ្តឹងកាលពីសប្តាហ៍មុន។
លោកមេធាវី ឌែលហ្គាដូ បានបញ្ជាក់ថា «យើងទទួលបានការបង្គាប់បញ្ជារបស់តុលាការដោយសារតែសិទ្ធិរបស់លោក ហ្គូសមែន ត្រូវបានរំលោភបំពានព្រោះថាពីដើមឡើយលោកមានភួយដ៏ស្តើងមួយតែប៉ុណ្ណោះ ប៉ុន្តែនៅយប់មិញនេះកូនក្តីរបស់ខ្ញុំបានទទួលនូវភួយចំនួនមួយផ្សេងទៀត»។
គួរបញ្ជាក់ថា លោក យ៉ូហ៉ាគីន ហ្គាសមែន ត្រូវបានគេបញ្ជូនយ៉ាងបន្ទាន់បំផុតកាលពីខែឧសភាកន្លងទៅនេះ ពីពន្ធនាគារមួយកន្លែងនៅភាគកណ្តាលប្រទេសម៉ិកស៊ីកូ ទៅកាន់ពន្ធនាគារមួយកន្លែងទៀតក្នុងទីក្រុង ស៊ូឌែដ ហ្ស័ររេស (Ciudad Juarez) ស្ថិតនៅភាគខាងជើងប្រទេសជាប់ព្រំដែនជាមួយសហរដ្ឋអាមេរិកដែលជាតំបន់មានស៊ីតុណ្ហភាពត្រជាក់បំផុត គឺអាចចុះដល់ក្រោមសូន្យអង្សារសេឯណោះ ដែលប្រការនេះហើយទើបបង្ខំឲ្យមេដឹកនាំក្រុមរត់ពន្ធគ្រឿងញៀនដ៏ល្បីល្បាញនៅរដ្ឋស៊ីណាឡូអា (Sinaloa) នៃប្រទេសម៉ិកស៊ីកូរូបនេះ បានស្នើចង់បានភួយបែបនេះ៕