(វ៉ាស៊ីនតោន)៖ វិទ្យាស្ថានតាមដានការវិវឌ្ឍនយោបាយនៃអាមេរិក Think Thank បានបញ្ចេញរូបភាពជាច្រើនដែលត្រូវបានថតដោយផ្កាយរណប និងបានបង្ហាញថាចិនបាននិងកំពុងបង្កើនសកម្មភាពយោធា តាមរយៈការតម្លើងបរិក្ខាយោធានៅលើកោះសម្បនិម្មិតដែលខ្លួនបានសាងសង់នៅឯតំបន់សមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៦។
ការបង្ហាញរូបភាពស្ដីពីសកម្មភាពយោធាចិននៅពេលនេះ ធ្វើឡើងស្របពេលដែលមេបញ្ជាការកងម៉ារីនអាមេរិកប្រចំាតំបន់ប៉ាស៊ីហ្វិក លោក ហារី ហារីស (Harry Harris) បានបញ្ជាក់ដោយសំដៅទៅលើចិនថា សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាតឱ្យប្រទេសណាមួយ កំណត់ព្រំដែនជាលក្ខណៈឯកតោភាគីនៅតំបន់ព្រំដែនទឹកនៃប្រទេសដទៃនៅឯសមុទ្រចិខាងត្បូងនោះឡើយ បើទោះជាប្រទេសមួយនោះ បានសាងសង់មូលដ្ឋានជាច្រើនរួចហើយក៏ដោយ។
ជាងនេះទៅទៀតលោក ហារី ក៏បានអះអាងដែរថា «ទីក្រុងវ៉ាស៊ីនតោននឹងធ្វើកិច្ចសហប្រតិបត្តិការនៅទីណា ដែលអាចធ្វើទៅបាន ក៏ប៉ុន្តែយើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រឈមមុខជាមួយចិននៅតំបន់សមុទ្រចិនខាងត្បូងក្នុងករណីចាំបាច់»។ ប៉ុន្តែយ៉ាងណាក៏ដោយ ទីក្រុងប៉េកាំងធ្លាប់បានបដិសេធជាច្រើនដងរួចហើយ ថាខ្លួនគ្មានបំណងពង្រីកឥទ្ធិពលយោធានៅតំបន់ជម្លោះ នៃដែនសមុទ្រចិនខាងត្បូងនោះឡើយ។
គួរបញ្ជាក់ថាតំបន់សមុទ្រចិនខាងត្បូង បានក្លាយជាឆ្អឹងទទឹងកនៃទំនាក់ទំនងរវាងចិនជាមួយនឹងបណ្ដាប្រទេសជាភាគីជម្លោះផ្សេងទៀតអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយភាគីម្ខាងៗមានដូចជា កោះតៃវ៉ាន់ វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន និងព្រុយណេ សុទ្ធតែទាមទាររៀងៗខ្លួនចំណែកទឹកដីនៅលើទីប្រជុំកោះ ផារ៉ាសែល (Paracels) និង ស្ព្រាតលី (Spratleys) ដែលចិនអះអាងថាជាដែនអធិបតេយ្យភាពរបស់ខ្លួន៕