(វ៉ាស៊ីនតោន)៖ នាយកប្រតិបត្តិនៃក្រុមហ៊ុនប្រេង Exxon Mobil លោក រិច ធីល្លឺសុន (Rex Tillerson) ដែលត្រូវបានជ្រើសរើសធ្វើជារដ្ឋមន្រ្តីការបរទេសថ្មីរបស់សហរដ្ឋអាមេរិកនោះ នឹងចូលនិវត្តន៍ហើយប្រគល់មុខតំណែងជា CEO (នាយកប្រតិបត្តិ) របស់លោកទៅឲ្យអគ្គនាយករបស់ក្រុមហ៊ុនសព្វថ្ងៃវិញគឺ លោក ដារែន វូដស៍ (Darren Woods) នៅដើមឆ្នាំក្រោយនេះពោលគឺថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ខាងមុខនេះតែម្តង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅមុននេះបន្តិចនាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៦។
សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Exxon Mobil ដែលជាក្រុមហ៊ុនប្រេងដ៏ធំមួយនៅលើពិភពលោកបានបញ្ជាក់ថា «បន្ទាប់ពីបានធ្វើការពិចារណាយ៉ាងហ្មត់ចត់ ចំពោះតម្រូវការដ៏ចាំបាច់ពាក់ព័ន្ធនីតិវិធីនៃការតែងតាំងរដ្ឋមន្រ្តីការបរទេសជាផ្លូវការនោះ បណ្តាថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនក៏ដូចជាលោក ធីល្លឺសុន ផ្ទាល់បានឯកភាពគ្នាថា វាសក្តិសមបំផុតក្នុងការផ្លាស់ប្តូរកាលបរិច្ឆេទនៃការចូលវិវត្តន៍ ដែលដំបូងឡើយគ្រោងថានឹងធ្វើឡើងនៅ ខែមិនាឆ្នាំក្រោយនេះឯណោះវិញទេ»។
គួរបញ្ជាក់ថាប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃពុធម្សិលមិញនេះថា លោកបានសម្រេចជ្រើសរើសលោក រិច ធីល្លឺសុន ធ្វើជារដ្ឋមន្រ្តីការបរទេសរបស់រដ្ឋាភិបាលអាមេរិកថ្មី ដែលនឹងត្រូវស្បថចូលកាន់តំណែងជាមួយនឹងរូបលោកនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ឆាប់ៗខាងមុខនេះប៉ុន្តែលោក ធីល្លឺសុន ចាំបាច់ត្រូវឆ្លងកាត់ការសម្រេចជាចុងក្រោយដែលនឹងត្រូវធ្វើឡើងដោយព្រឹទ្ធសភាសិន។
ដោយឡែកសេចក្តីប្រកាសនេះ បានបណ្តាលឲ្យមានការតស៊ូមតិគ្នាយ៉ាងផុសផុលផងដែរ ដោយសារតែនាយកប្រតិបត្តិរបស់ក្រុមហ៊ុនប្រេងដ៏ធំមួយនេះ មានទំនាក់ទំនាក់យ៉ាងជិតស្និទ្ធជាមួយនឹងប្រទេសរុស្ស៊ី ជាពិសេសជាមួយលោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន តែម្តង៕