(យេម៉ែន)៖ យោងតាមរបាយការណ៍របស់អង្គការមូលនិធិកុមារ UNICEF កុមារយ៉ាងហោចណាស់ម្នាក់បាត់បង់ជីវិតជារៀងរាល់១០នាទី ដោយសារតែកង្វះជីវជាតិអាហារ ជំងឺរាគ និងជំងឺរលាកផ្លូវដង្ហើម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Aljazeera នៅមុននេះបន្តិចនាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៦។
លោក Meritxell Relano អ្នកតំណាងរបស់អង្គការ UNICEF បានឲ្យដឹងថា «ស្ថានភាពសុខភាពនៃកុមារនៅក្នុងប្រទេសក្រីក្រជាងគេបំផុតនៃតំបន់មជ្ឈិមបូព៌ាមួយនេះ មិនធ្លាប់អាក្រក់ដូចសព្វថ្ងៃនេះឡើយ ខណៈបញ្ហាកង្វះអាហារូបត្ថម្ភនៅក្នុងប្រទេសយេម៉ែនស្ថិតនៅក្នុងកម្រិតដ៏ខ្ពស់ ហើយកំពុងតែបន្តកើនឡើងខ្លាំងបន្ថែមទៀត»។
គួរបញ្ជាក់ថាកុមារច្រើនជាង ៤០០,០០០នាក់កំពុងប្រឈមនឹងភាពអត់ឃ្លាននៅក្នុងប្រទេសយេម៉ែន ហើយប្រមាណជា ២.២លាននាក់ទាមទារឲ្យមានការថែទាំជាបន្ទាន់។ ជាងនេះទៅទៀតតួលេខថ្មីបំផុត បានបង្ហាញឲ្យឃើញថា កុមារយ៉ាងហោចណាស់ ៤៦២,០០០នាក់ កំពុងទទួលរងបញ្ហាកង្វះអាហារូបត្ថម្ភកម្រិតធ្ងន់ធ្ងរបំផុតដែលចំនួននេះបានកើនឡើងប្រហែល ២០០ភាគរយបើគិតចាប់តាំងពីឆ្នាំ២០១៤ មក៕