(ប៉េកាំង)៖ តុលាការថ្នាក់តំបន់នៅភាគខាងកើតប្រទេសចិន នៅថ្ងៃពុធនេះបានសម្រេចផ្តន្ទាទោសមន្រ្តីគណបក្សកុម្មុនិស្តចិនដែលជាអតីតអភិបាលក្រុងណានជីង (Nanjing) ដាក់ពន្ធនាគាររយៈពេល១២ឆ្នាំនិង០៦ខែ នៅក្រោយពេលដែលរូបលោកត្រូវបានគេរកឃើញថាបានប្រព្រឹត្តអំពើពុករលួយប្រឆាំងនឹងច្បាប់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០១៦។
លោក Yang Weize ដែលជាមន្រ្តីកំពូលនៅក្នុងក្រុងណានជីង ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការស៊ើបអង្កេតតាំងពីឆ្នាំ២០១៥មក ដោយអង្គភាពប្រឆាំង អំពើពុករលួយរបស់គណបក្សកុម្មុនិស្តចិនផ្ទាល់ ហើយតុលាការក្រុងនីងបូ (Ningbo) បានរកឃើញថាលោក Yang បានទទួលសំណូកដោយផ្ទាល់ ឬតាមរយៈភរិយារបស់លោក ដែលសរុបជាទឹកប្រាក់ចំនួន១៦.៤លានយ័នស្មើនឹង២.៣៨លានដុល្លារ កាលពីចន្លោះឆ្នាំ២០០៥ និង២០១៤។
ដោយឡែកអតីតអភិបាលក្រុងណានជីងរូបនេះបានសារភាពកំហុស និងបានបង្ហាញពីការសោកស្តាយចំពោះទង្វើរបស់ខ្លួន ហើយបានសន្យាថា នឹងចូលរួមសហការក្នុងការយកលុយកខ្វក់ទាំងប៉ុន្មានត្រឡប់ទៅវិញ ដែលប្រការនេះនាំលោក Yang ទទួលទម្ងន់ទោសស្រាលជាងមុន ខណៈមេធាវីតំណាងរូបលោកមិនអាចទាក់ទងបានដើម្បីសុំការធ្វើអត្ថាធិប្បាយឡើយ ។
គួរបញ្ជាក់ថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង កំពុងដឹកនាំយុទ្ធនាការក្តៅមួយ ដើម្បីបោសសម្អាតអំពើពុករលួយដែ កំពុងតែធ្វើឲ្យខូចកេរ្តិ៍ឈ្មោះ របស់គណបក្សដ៏មានអំណាច បំផុតមួយនេះនៅក្នុងប្រទេសចិន៕