(មូស្កូ)៖ សម្រាប់រយៈពេលបួនឆ្នាំជាប់ៗគ្នាប្រធានាធិបតីរុស្ស៊ី លោក វ៉ា្លឌីមៀ ពូទីន ត្រូវបានទស្សនាវដ្ដីដ៏ល្បីរបស់សហរដ្ឋអាមេរិក Forbes ចាត់ថ្នាក់ជាបុគ្គលដែលមានឥទ្ធិពលជាងនៅលើពិភពលោក ខណៈប្រធានាធិបតីអាមេរិកជាប់ឆ្នោតលោក ដូណាល់ ត្រាំ ឡើងមកឈរនៅលេខរៀងទី២ ចំណែកឯលោក បារ៉ាក់ អូបាម៉ា បានខ្ទាតពីលេខរៀងទី៣ ធ្លាក់ដល់លេខរៀងទី៤៨។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៦។
ទស្សនាវដ្ដី Forbes បានសរសេរនៅលើគេហទំព័ររបស់ខ្លួនដូច្នេះថា «បុគ្គលដែលមានឥទ្ធិពលជាងគេនៅលើពិភពលោកក្នុងឆ្នាំ២០១៦ សម្រាប់រយៈពេល០៤ឆ្នាំជាប់ៗគ្នាគឺប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ដោយលោកបានពង្រីកឥទ្ធិពលប្រទេសរបស់លោក ស្ទើរតែគ្រប់ជ្រុងជ្រោយនៅលើពិភពលោក»។
គួរបញ្ជាក់ថាបុគ្គលមានឥទ្ធិពលលំដាប់លេខ២ នៅលើពិភពលោកគឺបានទៅលើលោក ដូណាល់ ត្រាំ ដែលតាមពីក្រោយដោយអធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ ជែឡាម៉ាគែល លេខ៣, ប្រធានាធិបតីចិនលោក ស៊ី ជិនពីង លេខរៀងទី៤ និងលេខរៀងទី៥ បានទៅលើសម្ដេច ប៉ាប ហ្រ្វង់ស័រ។ ក៏ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះគឺ ប្រធានាធិបតីអាមេរិកជិតផុតអាណត្តិ លោក បារ៉ាក់ អូបាម៉ា បានធ្លាក់ចំណាត់ថ្នាក់ពីលេខ៣ ដល់លេខទី៤៨ ឯណោះក្នុងរយៈពេលមួយឆ្នាំមកនេះ៕