(វ៉ាស៊ីនតាន)៖ ក្រុមហ៊ុន Yahoo! បានប្រកាសនៅល្ងាចថ្ងៃពុធម្សិលមិញថា ខ្លួនបានក្លាយជាជនរងគ្រោះនៃការវាយប្រហារតាមប្រព័ន្ធអ៉ិនធើណែត កាលពីខែសីហា ឆ្នាំ២០១៣ កន្លងទៅដោយគណនីអ្នកប្រើប្រាស់ Yahoo! ច្រើនជាងមួយពាន់លាននាក់ត្រូវបានគេ Hack ក្នុងនោះមានទាំងព័ត៌មានពាក់ព័ន្ធនឹងឈ្មោះ លេខទូរស័ព្ទ ឬ ថ្ងៃខែឆ្នាំកំណើតជាដើម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៦។
ជាមួយគ្នានោះដែរក្រុមហ៊ុន Yahoo! ក៏បានបញ្ជាក់ថា ព័ត៌មានទាក់ទិននឹងកាតឥណទាន ឬគណនីធនាគារមិនត្រូវបានគេ Hack នោះទេ។ «ព័ត៌មានទាក់ទិននឹងកាតឥណទាន ឬគណនីធនាគារមិនបានស្ដុកទុកនៅក្នុងប្រព័ន្ធដែលត្រូវបានគេ Hack ឡើយប៉ុន្តែយ៉ាងណាយើងនៅមិនទាន់អាចកំណត់អត្តសញ្ញាណ អ្នកនៅពីក្រោយការវាយប្រហារតាមប្រព័ន្ធអិនធើណែតនេះនៅឡើយទេ ខណៈយើងកំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរ»។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Yahoo!។
គួររំលឹកថាកាលពីខែកញ្ញាកន្លងទៅនេះ ក្រុមហ៊ុន Yahoo! ក៏ធ្លាប់បានឱ្យដឹងដែរថា គណនីអ្នកប្រើប្រាស់របស់ខ្លួន ៥០០លាននាក់ត្រូវបានគេ Hack កាលពីឆ្នាំ២០១៤ ហើយបន្ទាប់ពីរឿងនេះផ្ទុះឡើងក្រុមហ៊ុនទូរគមនាគមន៍ Verizon បាននិយាយកាលពីខែតុលាថា អាចនឹងផ្ដាច់កិច្ចព្រមព្រៀងក្នុងទំហំទឹកប្រាក់ ៤,៨៣ពាន់លានដុល្លារ ស្ដីពីការទិញអាជីវកម្មអ៉ិនធើណែតរបស់ក្រុមហ៊ុន Yahoo!៕