(ប៉ារីស)៖ រដ្ឋមន្ត្រីការបរទេសបារំាង លោក ហ្សង់ ម៉ាក អៃរ៉ូល (Jean Marc Ayrault) បានគូសបញ្ជាក់នៅថ្ងៃពុធនេះថា ប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ដូណាល់ ត្រាំ មិនគួរបង្ហាញអាកប្បកិរិយាខ្វះការគោរពដល់ចិនទាល់តែសោះ តាមរយៈការគំរាមលែងទទួលស្គាល់ «គោលនយោបាយចិនតែមួយចំពោះកោះតៃវ៉ាន់» ក្នុងករណីដែលទីក្រុងប៉េកាំង មិនព្រមផ្ដល់សម្បទានទៅលើពាណិជ្ជកម្មទេនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០១៦។
ភាពតានតឹងរវាងចិន និងសហរដ្ឋអាមេរិក បានផ្ទុះឡើងសាជាថ្មីកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ក្រោយពេល លោក ត្រាំ ធ្វើអាត្ថាធិប្បាយមួយចំនួនពាក់ព័ន្ធនឹង «គោលនយោបាយចិនតែមួយ» ដោយលោកផ្ទាល់ថែមទំាងបាននិយាយចំៗតែម្ដងថា «សហរដ្ឋអាមេរិកមិនគួរចាំបាច់អីទៅគោរពគោលនយោបាយចិនតែមួយនោះទេ ដរាបណាមិនមានកិច្ចព្រមព្រៀងណាមួយជាមួយចិន» ហើយការលើកឡើងបែបនេះធ្វើឱ្យចិនក្ដៅស្លឹកត្រចៀក រហូតដល់សារព័ត៌មានចិនខ្លះហៅ លោក ត្រាំ ថា «ជាក្មេងបៀមដៃមិនស្គាល់ពីការទូត»។
បន្ថែមជុំវិញបញ្ហានេះដែរ ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍បារំាង France 2 លោករដ្ឋមន្ត្រីការបរទេសបារាំងបានលើកឡើងដូច្នេះថា «ត្រូវតែប្រយ័ត្នបន្តិច.... ចិនជាប្រទេសមហាអំណាចយើងអាចមានការខ្វែងគំនិតគ្នាជាមួយចិន ក៏ប៉ុន្តែអ្នក (លោក ត្រាំ) មិនអាចនិយាយដូច្នោះដាក់ដៃគូមួយនេះបានទេ ហើយនៅពេលចិនមានអារម្មណ៍ថា ខ្លួនត្រូវបានគេចោទសួរពីឯកភាពជាតិនោះវាមិនមែនរឿងឆ្លាតវៃឡើយ»។
គួររំលឹកថាការិយាល័យចិនទទួលបន្ទុកកិច្ចការតៃវ៉ាន់បានព្រមានថា ការលូកដៃចូល ឬក៏ការបំផ្លាញដល់គោល នយោបាយចិនតែមួយ អាចនឹងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថេរភាពរបស់កោះតៃវ៉ាន់៕