(វ៉ាស៊ីនតោន)៖ មេបញ្ជាការយោធាជើងទឹកអាមេរិកប្រចាំមហាសមុទ្រប៉ាស៊ីហ្វិកបានលើកឡើងថា សហរដ្ឋអាមេរិកត្រៀមលក្ខណៈជានិច្ច ក្នុងការប្រឈមមុខដាក់គ្នាជាមួយប្រទេសចិន ប្រសិនបើទីក្រុងប៉េកាំងនៅតែបន្តធ្វើការទាមទារហួសហេតុ ទៅលើដែនសមុទ្រចិនខាងត្បូងនោះ ដែលប្រការនេះអាចនឹងធ្វើឲ្យភាពតានតឹងកាន់តែកើនឡើងខ្លាំង រវាងមហាអំណាចពិភពលោកទាំងពីរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០១៦។
លោកឧត្តមសេនីយ៍ឯក ហារី ហារីស (Harry Harris) បានថ្លែងថា «យើងមិនអាចអនុញ្ញាតឲ្យតំបន់រួមគ្នាមួយធ្លាក់ក្រោមការគ្រប់គ្រងជាលក្ខណៈឯកតោភាគីបាននោះឡើយ ទោះបីជាមូលដ្ឋាន និងសំណង់ផ្សេងៗជាច្រើនត្រូវបានសាងសង់ឡើងយ៉ាងណាក្តី នៅលើកោះសិប្បនិម្មិតនៅដែនសមុទ្រចិនខាងត្បូង។ យើងនឹងចូលរួមសហការតាមតែអាចធ្វើទៅបាន ប៉ុន្តែយើងក៏នឹងត្រៀមខ្លួនរួចរាល់ជានិច្ចផងដែរក្នុងការប្រឈមមុខដាក់គ្នានៅពេលដែលចាំបាច់»។
គួរបញ្ជាក់ថាប្រទេសចិនបានធ្វើការទាមទារថា ផ្ទៃទឹកនៃសមុទ្រចិនខាងត្បូងស្ទើរតែទាំងស្រុងជារបស់ខ្លួនតែម្នាក់ឯងគត់ ខណៈតំបន់ដែលសម្បូរទៅដោយប្រភពធនធាន និងមានទំហំពាណិជ្ជកម្មប្រមាណ ៥ពាន់លានដុល្លារ តាមផ្លូវទឹកក្នុងមួយឆ្នាំៗនេះ ក៏មានការទាមទារពីសំណាក់ប្រទេសជិតខាងមួយចំនួនទៀតដូចជា ព្រុយណេ, ម៉ាឡេស៊ី, ហ្វីលីពីន, កោះតៃវ៉ាន់, និងវៀតណាមផងដែរ។
ជុំវិញបញ្ហានេះសហរដ្ឋអាមេរិកបានស្នើដល់រដ្ឋាភិបាលទីក្រុងប៉េកាំង ឲ្យគោរពតាមការសេចក្តីសម្រេចរបស់តុលាការមជ្ឈត្តកម្មនៃក្រុងឡាអេកាលពីខែកក្កដានេះ ដែលបានបដិសេធចោលការទាមទារដ៏ធំធេងរបស់ចិននៅក្នុងផ្លូវទឹកយុទ្ធសាស្រ្តមួយនេះ ប៉ុន្តែប្រទេសចិននៅតែបន្តសកម្មភាពប្រកាន់ខ្ជាប់ដោយឥរិយាបថផ្គើន ដែលអាមេរិកបានប្រុងជើងការជានិច្ចដើម្បីឆ្លើយតបទៅវិញ៕