(ស៊ីរី)៖ ប្រធានាធិបតីស៊ីរី លោក បាហ្សា អាល់ អាស្សាដ បានច្រានចោលសំណើសុំឲ្យមានបទឈប់បាញ់ដោយបណ្ដាប្រទេសលោកខាងលិច ខណៈកងកម្លាំងរបស់លោកអះអាងពីជ័យជម្នះលើក្រុមឧទ្ទាមស៊ីរី នៅក្នុងទីក្រុងអាឡេប៉ូ ដោយលោកផ្ទាល់ថែមទំាងបានចាត់ទុកថា សំណើសុំឲ្យមានបទឈប់បាញ់នេះ មានបំណងបញ្ឈប់ការរីកចំរើនទៅមុខនៃកងទ័ពស៊ីរី និងដើម្បីជួយសង្រ្គោះក្រុមភេរវករតែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅរសៀលថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០១៦។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ Russian Today លោក អាស្សាដ ក៏បានសម្ដែងការសោកស្ដាយផងដែរចំពោះសារព័ត៌មានលោកខាងលិចដែលលោកចោទប្រកាន់ថា មិនបានយកភ្នែកមើល និងចាប់អារម្មណ៍ទាល់តែសោះនៅពេលក្រុមភេរវករសម្លាប់ជនស៊ីវិលស៊ីរី នៅទីក្រុងប៉ាល់ម៉ៃរ៉ា។ ប្រធានាធិបតីស៊ីរីរូបនេះ បានបន្ថែមថា «បើសិនជាយើងបកស្រាយអំពីសំណើបទឈប់បាញ់ នោះយើងនឹងឃើញយ៉ាងច្បាស់ថា វាគ្មានអ្វីក្រៅតែពីគោលបំណងចង់បញ្ឈប់ការរីកចំរើនទៅមុខរបស់កងទ័ពស៊ីរី សំដៅជួយសង្រ្គោះដល់ក្រុមភេរវករនោះទេ»។
គួររំលឹកថាសំណើនៃបទឈប់បាញ់ខាងលើ ត្រូវបានស្នើឡើងដោយ សហរដ្ឋអាមេរិក បារំាង អង់គ្លេស កាណាដា អ៊ីតាលី និងអាល្លឺម៉ង់ កាលពីសប្ដាហ៍មុនតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពី ចិន និងរុស្ស៊ី ប្រើសិទ្ធិវ៉េតូ (ជំទាស់) នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទៅនឹងបទឈប់បាញ់នៅស៊ីរី៕