(កាប៊ុល)៖ អតីតមន្រ្តីជាន់ខ្ពស់មួយរូបនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានអះអាងថាលោកត្រូវបានចាប់ជំរិតដោយអំពើព្រៃផ្សៃបំផុត ហើយនិងបានទទួលរងការរំលោភបំពានផ្លូវភេទពីសំណាក់អនុប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Abdul Rashid Dostum កាលពីចុងខែវិច្ឆិកាកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០១៦។
ការចោទប្រកាន់នេះបានធ្លាយចេញពីលោក Ahman Eshchi អតីតអភិបាលខេត្ត Jowzjan ដែលជាស្រុកកំណើតរបស់លោក Dostum ហើយលោក Eshchi បាននិយាយថាលោកអនុប្រធានាធិបតី និងគូកនប្រមាណ ១០នាក់ផ្សេងទៀតបានរំលោភបំពានផ្លូវភេទលើរូបលោក អំឡុងពេលដែលលោកស្ថិតក្រោមការចាប់បង្ខាំងខ្លួននៅក្នុងភូមិគ្រឹះរបស់លោក Dostum អស់រយៈពេលប្រាំថ្ងៃ។
ទោះបីជាការអះអាងខាងលើមិនអាចជឿទុកចិត្តបានមួយភាគរយយ៉ាងណាក្តី លោក Ahman Eshchi បានឲ្យដឹងថា ករណីចាប់ជំរិតរូបលោកដែលបានកើតឡើងកាលពីថ្ងៃទី២៤ ខែវិច្ឆិកាកន្លងទៅនេះ ក្រោយការប្រកួតនៃកីឡាមួយប្រភេទរវាងក្រុមរបស់លោក និងក្រុមរបស់លោកអនុប្រធានាធិបតី Dostum ហើយអតីតអភិបាលខេត្តរូបនេះ បានធ្វើការរៀបរាប់ហេតុការណ៍ដែលបានកើតឡើងចំពោះរូបលោកដោយលម្អិតនិងស្តែងៗបំផុតថា «លោក Dostum បានរុញខ្ញុំឲ្យដួលទៅលើដីហើយយកជើងជាន់សង្កត់ករបស់ខ្ញុំ រួចក៏បានចាប់ផ្តើមសកម្មភាពរំលោភបំពានរបស់គាត់មកលើរូបខ្ញុំ។ បន្ទាប់មកលោក Dostum ក៏បាននាំខ្លួនខ្ញុំទៅកាន់គេហដ្ឋានរបស់គាត់បន្តទៀត រីឯនៅពេលដែលទៅដល់ទីនោះ លោកអនុប្រធានាធិបតីបានស្រែកបញ្ជាទៅកាន់អង្គរក្សចំនួន ០៨នាក់ឲ្យដោះសម្លៀកបំពាក់របស់ខ្ញុំចេញ ហើយពួកគេថែមទាំងស្រាតខោខ្ញុំចេញទៀតផង»។
លោក Eshchi បានបន្តថានៅទីបំផុតលោកត្រូវបានគេបញ្ជូនទៅកាន់ ការិយាល័យសន្តិសុខអាហ្វហ្គានីស្ថានហើយក៏ត្រូវបានដោះលែងឲ្យរួចខ្លួនវិញ។ ដោយឡែកលោកអនុប្រធានាធិបតី Abdul Rashid Dostum បានច្រានចោលការចោទប្រកាន់នេះ និងបានចាត់ទុកវាថាជាការញុះញង់ ហើយលោកបានបញ្ជាក់ថាលោក Eshchi ត្រូវបានចាប់ឃុំខ្លួនពិតមែនប៉ុន្តែមិនមែនដោយរូបលោកនោះទេ គឺដោយភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសអាហ្វហ្គានីស្ថាន។
អ្នកនាំពាក្យរបស់លោក Dostum បានចេញមុខថ្លែងថា «លោក Eshchi ត្រូវបានចាប់ឃុំខ្លួនដោយកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន ក្រោមបទជាប់សង្ស័យថាបានជួយទំនុកបម្រុងដល់គណបក្សប្រឆាំង និងការចូលមកពាក់ព័ន្ធក្នុងបញ្ហាសន្តិសុខជាតិជាច្រើនលើកច្រើនសារ» ខណៈមន្រ្តីនាំពាក្យរបស់ប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Ashraf Ghani បានសន្យាថានឹងបើកការស៊ើបអង្កេតលម្អិតមួយជុំវិញការចោទប្រកាន់នេះ៕