(វ៉ាស៊ីនតោន)៖ ដោយជ្រើសរើសអ្នកជំនួញស្និទ្ធនឹងរុស្ស៊ី លោក រិច ធៀលលឺសុន (Rex Tillerson) ជារដ្ឋមន្ត្រីការបរទេសអាមេរិកថ្មី លោក ដូណាល់ ត្រាំ បានធានាថាក្រសួងធំៗទាំងបួន របស់លោកនឹងត្រូវដឹកនាំទាំងស្រុងដោយ «រដ្ឋមន្ត្រីស្បែកស» ជាលើកដំបូងបំផុតគិតចាប់តាំងពីគណៈរដ្ឋមន្ត្រីរបស់អតីតប្រធានាធិបតីអាមេរិក លោក George H.W. Bush ដែលត្រូវបានអនុម័តនៅឆ្នាំ១៩៨៩។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅរសៀលថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០១៦។
គិតមកត្រឹមពេលនេះ នៅក្នុងចំណោមជំរើសនៃតំណែងរដ្ឋមន្ត្រីចំនួន ១៨រូបក្នុងជួររដ្ឋាភិបាលថ្មីរបស់លោក ត្រាំ បូករួមទាំងអនុប្រធានាធិបតី និងមន្ត្រីជាន់ខ្ពស់សេតវិមានទាំង ១៤នាក់សុទ្ធតែជាពលរដ្ឋអាមេរិកស្បែកស ខណៈមន្ត្រី ១២រូបជាបុរសហើយមានតែលោក ប៊ិន ខាសុន (Ben Carson) តែម្នាក់គត់ជាពលរដ្ឋអាមេរិកស្បែកខ្មៅត្រូវបានលោក ត្រាំ ជ្រើសរើសឱ្យកាន់តំណែងជារដ្ឋមន្ត្រីលំនៅឋាន និងអភិវឌ្ឍន៍ទីក្រុង។
ចំណែកឯរដ្ឋមន្ត្រីស្បែកសដែលលោក ត្រាំ ជ្រើសរើសសម្រាប់គ្រប់គ្រងក្រសួងសំខាន់ៗទំាងបួន មានដូចជា លោក រិច ធៀលលឺសុន ជារដ្ឋមន្ត្រីការបរទេស, លោក ជែមស៍ ម៉ាធីស (James Mattis) ជារដ្ឋមន្ត្រី ការពារជាតិ, លោក ជែហ្វ សែសសិន (Jeff Sessions) ជាអគ្គរដ្ឋអាជ្ញា, និងអតីតអ្នកជំនួញ លោក ស្ទេវ ណូឈីន (Steve Mnuchin) ត្រូវបានជ្រើសតាំងជារដ្ឋមន្ត្រីរតនាគារជាតិ។
គួរបញ្ជាក់ថានៅក្រោមរដ្ឋបាលរបស់ លោក បារ៉ាក់ អូបាម៉ា រដ្ឋមន្ត្រីជាន់ខ្ពស់ ១១រូប ជាពលរដ្ឋអាមេរិកស្បែកស ក្នុងនោះមានស្ត្រី០៤រូប និងបុរស ០៧រូប៕