(វ៉ាស៊ីនតោន)៖ រូបភាពបង្ហាញឲ្យឃើញពីអគារខ្ពស់ៗ ចំនួនបីខ្នងដែលតម្រៀបជួរគ្នាយ៉ាងត្រង់ភ្លឹងនៅលើភពអង្គារ (Mars) ដែលនៅក្បែរខាងភពផែនដីរបស់យើងត្រូវបានមនុស្សចំនួនអះអាងថា គឺជាភស្តុតាងយ៉ាងច្បាស់ដែលស្តែងឲ្យឃើញថា ភាវៈមានជីវិតដ៏ឆ្លាតវៃពិតជាធ្លាប់មានវត្តមាននៅទីនោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០១៦។
បើយោងតាមម្ចាស់របស់វីដេអូឃ្លីបមួយដែលត្រូវបង្ហោះនៅលើគណនីនៃគេហទំព័រ Youtube ឈ្មោះថា Mundodesconocido រូបភាពនៅក្នុងខ្សែវីដេអូមួយនោះបានបង្ហាញពី «អគារ» ចំនួនបីមានកម្ពស់ប្រហែល ៤.៨ម៉ែត្រ និងត្រូវបានរៀបចំយ៉ាងមានរបៀបរៀបរយបំផុត នៅក្នុងខ្សែបន្ទាត់ត្រង់ស្មើល្អឥតខ្ចោះហើយម្ចាស់គណនី Mundodesconocido ដែលជាអ្នកអត្ថាធិប្បាយរៀបរាប់នៅក្នុងវីដេអូផ្ទាល់ផងដែរនោះជឿជាក់ថាវាមិនមែនជារឿងចៃដន្យឡើយ ជាពិសេសនោះគឺការដែលអគារទាំងបីទំនងជាបង្ហាញពីសញ្ញាណនៃបច្ចេកវិទ្យាដ៏ទំនើបថែមទៀត។
ជាមួយគ្នានេះដែរខ្សែវីដេអូដដែលនោះ ក៏បានដាក់បញ្ចូលទាំងរូបភាព 3Dនៃអគារខាងលើបន្ថែមពីលើរូបភាពដើមដែលមិនសូវច្បាស់ និងត្រូវបានផ្សព្វផ្សាយដល់មនុស្សរាល់គ្នាឲ្យមើលឃើញដោយបេសកម្ម Mars Global Surveyor និង Mars Odyssey។
ដោយឡែកទោះបីមានមនុស្សជាច្រើនបានអះអាងថា វត្ថុដែលដូចជាអគារនោះ គឺទំនងមិនមែនជាអ្វីដែលអាចសាងសង់ឡើងបានដោយខ្យល់ ឬក៏ទឹកយ៉ាងណាក្តីក៏អ្នកវិទ្យាសាស្រ្តនៅទីភ្នាក់ងារអវកាស ណាសា (NASA) មិនចាប់អារម្មណ៍អំពីរបកគំហើញដ៏គួរឲ្យចាប់អារម្មណ៍នេះដែរ ដោយពួកគេបានលើកឡើងថា «ការពិត» អាចនឹងធ្វើឲ្យមានការខកចិត្តជាខ្លាំងបានព្រោះថាវត្ថុទាំងបីនោះ ប្រហែលជាតាមពិតទៅមិនសូវល្អឥតខ្ចោះដូចការអះអាងតាមរូបភាពនោះឡើយនៅពេលមើលឃើញនៅចម្ងាយជិត។
លើសពីនេះក្រុមអ្នកវិទ្យាសាស្រ្ត NASA ក៏បានបន្តពន្យល់ដោយក្បោះក្បាយទៀតថា នៅពេលដែលមនុស្សនៅលើផែនដីឃើញអគារទាំងអស់នោះ ខួរក្បាលរបស់ពួកគេព្យាយាមស្វែងរកវត្ថុដែលធ្លាប់ស្គាល់ធ្លាប់ឃើញដើម្បីពន្យល់ពីពិភពដែលនៅជុំវិញខ្លួនរបស់ពួកគេ ហើយនេះគឺជាបាតុភូតមួយហៅថា «Pareidolia»។ ជាចុងក្រោយក្រុមអ្នកវិទ្យាសាស្រ្តបានឲ្យឧទារហណ៍មួយផ្សេងទៀតនោះគឺ «Face on Mars» ដែលតាមធាតុពិតជាស្តែងវាមិនដូចទៅនឹងមុខមនុស្សបន្តិចសោះឡើយ នៅពេលដែលគេមើលពីជ្រុងផ្សេងទៀត៕