(តេហេរ៉ង់)៖ ជាប្រតិកម្មឆ្លើយតបចំពោះការសម្រេចចិត្ត ដាក់ទណ្ឌកម្មបន្តពីសំណាក់សហរដ្ឋអាមេរិក ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រ៉ូហានី បានបញ្ជាឱ្យអង្គភាពថាមពលអាតូមិកអ៊ីរ៉ង់ AEOI ចាប់ផ្ដើមអនុវត្តន៍គំរោងផលិតនាវាបំពាក់ថាមពលនុយក្លេអ៊ែរ សម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រ ប៉ុន្តែគេនៅមិនទាន់ដឹងនៅឡើយទេថាគំរោងនេះមានជាប់ពាក់ព័ន្ធនឹង នាវាបំពាក់មីស៊ីល-នុយក្លេអ៊ែរ ឬយ៉ាងណានោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០១៦។
សម្រាប់លោក ហាសាន់ រ៉ូហានី ការដាក់បន្តទណ្ឌកម្មរបស់សហរដ្ឋអាមេរិក គឺបានរំលោភយ៉ាងធ្ងន់ធ្ងរលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ហើយក្រៅតែបញ្ជាឱ្យ AEOI ចាប់ផ្ដើមអនុវត្តន៍គំរោងផលិតនាវានុយក្លេអ៊ែរ លោក រ៉ូហានី ក៏បានស្នើផងដែរឱ្យក្រសួងការបរទេសចាត់វិធានាការតាមផ្លូវច្បាប់ប្រឆាំងនឹងការធ្វេសប្រហែសរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលត្រូវបានចុះហត្ថលេខជាមួយប្រទេសមហាអំណាចទាំង០៥ បូក០១ កាលពីឆ្នាំ២០១៥។
បន្ថែមពីខាងលើនេះទៀត លោក រ៉ូហានី បានលើកឡើងនៅក្នុងលិខិតមួយផ្ញើជូននាយក AEOI ដូច្នេះថា «ជាការឆ្លើយតបទៅនឹងការរំលោភបំពានលើ កិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់ យើងត្រូវតែចាប់ផ្ដើមអភិវឌ្ឍន៍គំរោងនុយក្លេអ៊ែរសម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រ...។ គំរោងនេះគួរតែអាចត្រូវបានវាយតម្លៃក្នុងរយៈពេលបីខែ និងអនុវត្តន៍តាមគោលការណ៍សន្តិភាព ព្រមទាំងអនុឡោមតាមច្បាប់អន្តរជាតិ»។
គួររំលឹកថាដំណោះស្រាយក្នុងការបន្ត «ដាក់ទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់» ត្រូវបានសភាអាមរិកអនុម័តរួចហើយ ដោយនៅរង់ចាំតែការចុះហត្ថលេខាពីប្រធានាធិបតីជិតផុតអាណត្តិលោក បារ៉ាក់ អូបាម៉ា តែប៉ុណ្ណោះ៕