(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌូមៀ ពូទីន បានធ្វើដំណើរចាកចេញទៅកាន់ប្រទេសជប៉ុនហើយដើម្បីបំពេញទស្សនកិច្ចចំនួនពីរថ្ងៃ និងជួបពិភាក្សាគ្នាជាមួយ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ ដោយសង្ឃឹមថា នឹងអាចឈានដល់កិច្ចព្រមព្រៀងស្តីពីការដោះស្រាយបញ្ហាជម្លោះដែនដី ដែលបានរារាំងប្រទេសទាំងពីរមិនឲ្យមានឱកាសចុះហត្ថលេខាលើ «សន្ធិសញ្ញាសន្តិភាព» សំដៅបញ្ចប់សង្រ្គាមលោកលើកទី២បាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០១៦។
លោក អាបេ នឹងរៀបចំពិធីទទួលស្វាគមន៍លោក ពូទីន នៅឯទីក្រុងបុរាណណាហ្គាតូ (Nagato) ក្នុងក្តីសង្ឃឹមថានឹងអាចសម្រេចបានកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងប្រជុំកោះគូរីល ដែលត្រូវបានកាន់កាប់ដោយកងទ័ពរបស់សហភាពសូវៀត (បច្ចុប្បន្នគឺប្រទេសរុស្ស៊ី) កាលពីឆ្នាំ១៩៤៥ ហើយនិងត្រូវបានទាមទារមកវិញដោយរដ្ឋាភិបាល ទីក្រុងតូក្យូ ចាប់តាំងពីពេលនោះមកផងដែរ។
ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ និងសារព័ត៌មានជប៉ុនលោកប្រធានាធិបតីរុស្ស៊ីបាននិយាយថា «អវត្តមាននៃសន្ធិសញ្ញាសន្តិភាពរវាងរុស្ស៊ី និងជប៉ុនគឺកំហុសមួយដែលបានបន្សល់ទុកតាំងពីអតីតកាល ហើយវាគួរតែលុបបំបាត់ចោល ប៉ុន្តែថាតើយើងនឹងធ្វើដូច្នោះដោយរបៀបណានោះ គឺសំណួរដ៏លំបាកមួយ»។
គួរបញ្ជាក់ថាប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ នឹងមានកិច្ចជួបពិភាក្សាគ្នាចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែធ្នូនេះ៕