(ស៊ីរី)៖ អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបានរាយការណ៍ថា មនុស្សជាង ៣១២,០០០នាក់ក្នុងនោះមានជនស៊ីវិល ៩០,០០០នាក់បានស្លាប់នៅក្នុងប្រទេសស៊ីរី ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីខែមីនា ឆ្នាំ២០១១ ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Dailymail នៅព្រឹកថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០១៦។
យោងតាមអង្គការដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសនេះដដែលឲ្យដឹងថា មនុស្ស ៣១២,០០០នាក់ក្នុងនោះមានកុមារ ១៦,០០០នាក់បានសា្លប់បាត់បង់ជីវិត ចាប់តំាងពីសង្រ្គាមស៊ីរីផ្ទុះឡើង ហើយចំនួនតួលេខទាំងនេះក៏រាប់បញ្ចូលក្រុមអ្នកប្រយុទ្ធ នៃក្រុមឧទ្ទាមស៊ីរីច្រើនជាង ៥៣,០០០នាក់និងកងកម្លាំងគាំទ្ររដ្ឋាភិបាល ទីក្រុងដាម៉ាស់ជិត ១១០,០០០នាក់ជាពិសេសគឺកងទ័ពស៊ីរី ៦០,០០០នាក់ព្រមទាំងក្រុមជីវពលហេសប៊ូលឡា ក៏ដូចជាក្រុមអ្នកប្រយុទ្ធបរទេសជាច្រើនពាន់នាក់ផ្សេងទៀត។
ចំណែកឯក្រុមសកម្មប្រយុទ្ធ ISIS បូករួមទាំងក្រុមភេរវករ ៥៥,០០០នាក់ក៏បានស្លាប់ផងដែរ ខណៈមនុស្ស ៣៦៨៣នាក់មិនត្រូវបានគេបញ្ជាក់ពីអត្តសញ្ញាណ។ គួររំលឹកថាបច្ចុប្បន្នជម្លោះនៅស៊ីរី បានក្លាយជាសង្រ្គាមមួយដ៏ស្មុកគស្មាញ ដោយមានការចូលរួមពីភាគីជាច្រើន ពោលគឺស៊ីរីនិងបរទេសរីឯដំណោះស្រាយ តាមផ្លូវការទូតចេះតែធ្វើឡើងជាបន្តបន្ទាប់ ប៉ុន្តែមិនដែលបានលេចចេញជាផ្លែផ្កាអ្វីជាដុំកំភួននោះទេ៕