(មូស្គូ)៖ រុស្ស៊ី នៅថ្ងៃអង្គារនេះ បានសាទរ និងស្វាគមន៍ ការតែងតាំងនាយកប្រតិបត្តិក្រុមហ៊ុនប្រេង ExxonMobil លោក រិច ធៀលលឺសុន (Rex Tillerson) ជារដ្ឋមន្ត្រីការបរទេសអាមេរិកថ្មី និងបានត្រៀមខ្លួនរួចហើយដើម្បីធ្វើការ ងារជាមួយបុរសវ័យ៦៤ ឆ្នាំរូបនេះ។ នេះបើតាមរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែគហ្គី ឡាវ៉ារ៉ូវ (Sergey Lavrov) ដែលចុះផ្សាយដោយសារព័ត៌មាន Sputnik នៅយប់ថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០១៦។
លោក រិច ធៀលលឺសុន ដែលគ្រប់គ្នាដឹងឮកន្លងមកថា ជាមិត្តម្នាក់របស់លោក ពូទីន ព្រមទំាង អាចក្លាយជារដ្ឋមន្ត្រី ការបរទេសអាមេរិកនោះ ត្រូវបាន លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកជាប់ឆ្នោត ប្រកាសផ្ទាល់មាត់ថាយករូប លោកធ្វើរដ្ឋមន្ត្រីការបរទេសថ្មី។ ដោយឡែក ជុំវិញការតែងតំាងនេះដែរ ថ្លែងនៅក្នុងសន្និសិទសារព័ត៌មាន រដ្ឋមន្ត្រីការ បរទេសរុស្ស៊ីលោក ស៊ែគហ្គី ឡាវ៉ារ៉ូវ បានលើកឡើងដូច្នេះថា «យើងសារទរ និងស្វាគមន៍ ការតែងតំាង លោក រិច ធៀលលឺ សុន ជារដ្ឋមន្ត្រីការបរទេសអាមេរិក ហើយយើងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការងារជាមួយដៃគូរដែល មានបំណងអភិវឌ្ឍទំនាក់ទំនងដោយស្មើភាពជាមួយរុស្ស៊ី។ មិនតែប៉ុណ្ណោះយើងក៏សង្ឃឹមដែរថា ក្រោមរដ្ឋាភិបាល ដឹកនាំដោយលោក ដូណាល់ ត្រាំ និងលោក រិច ធៀលលឺសុន ទំនាក់ទំនងសហរដ្ឋអាមេរិក-រុស្ស៊ីអាចនឹងប្រសើរឡើង វិញ ព្រោះខ្ញុំគិតថាអ្នកទាំងពីរមិនមានគំនិតប្រឆាំងនឹងការអភិវឌ្ឍន៍ទំនាក់ទំនង រវាងប្រទេសទាំងពីរ នោះទេ»។
សូមជំរាបថា លោក ដូណាល់ ត្រាំ និងរដ្ឋាភិបាលថ្មីរបស់លោក នឹងស្បថចូលតំណែងជាផ្លូវការ នៅថ្ងៃ ទី២០ ខែមករា ឆ្នាំ២០១៧៕