(ប៉េកាំង)៖ យន្តហោះដឹកអ្នកដំណើររហូតដល់ទៅពីរគ្រឿង បានរអិលចេញពីផ្លូវហោះហើរនៅមុនពេលហោះចេញពីអាកាសយានដ្ឋាន Urumqi ស្ថិតនៅភាគនិរតីនៃប្រទេសចិននាព្រឹកថ្ងៃអង្គារនេះ ប៉ុន្តែជាសំណាងល្អហេតុការណ៍នេះពុំបានបណ្តាលឲ្យមានមនុស្សដែលធ្វើដំណើរនៅលើនោះរងគ្រោះថ្នាក់អ្វីឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាល្ងាចថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០១៦។
កង់ផ្នែកខាងមុខរបស់យន្តហោះមួយគ្រឿងនៃក្រុមហ៊ុនអាកាសចរណ៍ Shanghai Airlines បានក្រឡាច់នៅលើផ្លូវហោះហើរនាវេលាម៉ោង ៩៖៣៣នាទីព្រឹកថ្ងៃអង្គារនេះ (ម៉ោងក្នុងប្រទេសចិន) ខណៈពេលដែលវាបានធ្វើការរៀបចំខ្លួនបទទៅកាន់ផ្លូវហោះហើរ ដើម្បីហោះចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Urumqi Diwopi ក្នុងតំបន់ស្វយ័ត Xinhiang Uygur។
ជាមួយគ្នានេះដែរ ក្រោយមកនៅម៉ោង ១០៖១០នាទីព្រឹកថ្ងៃដដែលនេះ កង់របស់របស់យន្តហោះមួយគ្រឿងផ្សេងទៀតនៃក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines បានរអិលក្រឡាច់នៅលើផ្លូវហោះហើរដែលបានបង្ខំឲ្យផ្អាកការហោះចាកចេញពីព្រលានយន្តហោះផងដែរ។
គួរបញ្ជាក់ដែរថា ហេតុការណ៍ទាំងពីរនេះ មិនបានបង្កឲ្យអ្នកដំណើរនៅលើយន្តហោះទាំងពីរគ្រឿងរងរបួស ឬគ្រោះថ្នាក់អ្វីឡើយ ហើយក៏ពុំបានធ្វើឲ្យមានការខូចខាតដល់យន្តហោះផ្ទាល់ដែរ ខណៈអាកាសយានដ្ឋានទាំងមូលបានកាត់បន្ថយចំនួននៃការធ្វើប្រតិបត្តិការ ដើម្បីធានាឲ្យបាននូវសុវត្ថិភាព។ បន្ទាប់មកទៀតក្រុមហ៊ុនអាកាសចរណ៍ Shanhai Airlines បានដកតំណែងប្រធានគ្រប់គ្រងផ្នែកហោះហើរចោល ហើយអនុប្រធានគ្រប់គ្រងទូទៅដែលទទួលបន្ទុកខាងសុវត្ថិភាព ក៏ត្រូវបានបញ្ជាឲ្យពិនិត្យកំហុសខ្លួនឡើងវិញថែមទៀតផង។
ចំពោះការស៊ើបអង្កេតទៅលើមូលហេតុ ដែលបង្កឲ្យយន្តហោះដល់ទៅពីរគ្រឿងជួបបញ្ហាក្នុងថ្ងៃតែមួយនេះ កំពុងតែប្រព្រឹត្តទៅយ៉ាងយកចិត្តទុកដាក់បំផុត៕