(វ៉ាស៊ីនតោន)៖ ដើម្បីលាងជម្រះខ្លួនពីមុខជំនួញឯកជន ដើម្បីឡើងធ្វើជាប្រធានាធិបតីអាមេរិកដ៏ស្របច្បាប់នោះ លោក ដូណាល់ ត្រាំ បានឱ្យដឹងថា លោកនឹងប្រគល់មុខជំនួញទៅឱ្យកូនប្រុសច្បងទាំងពីររបស់ខ្លួនគឺ លោក ដុន ត្រាំ (Don Trump Jr) និង លោក អេរីច ត្រាំ (Eric Trump) ជាអ្នកគ្រប់គ្រងជំនួស ខណៈលោកនៅតែបើកទ្វារទុកឱ្យកូនស្រីគឺអ្នកនាង អ៊ីវ៉ាន់កា ត្រាំ (Ivanka trump) ទទួលយកមុខតំណែងណាមួយនៅក្នុងជួររដ្ឋាភិបាលថ្មីរបស់លោក។ នេះបើតាមការចេញផ្សាយដោយសា្ថនីយ៍ទូរទស្សន៍ Fox News នៅរសៀលថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០១៦។
លោក ត្រាំ បានចេញសេចក្ដីប្រកាសជាបន្តបន្ទាប់នៅលើ Twitter តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីក្រុមការងារចាត់ចែងការផ្ទេរអំណាចរបស់លោក បានសម្រេចចិត្តពន្យាពេលការធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ ដែលលោកគ្រោងនឹងប្រកាសពីអនាគតមុខជំនាញ និងហិរញ្ញវត្ថុផ្ទាល់ខ្លួនក្រោមហេតុផលលោកកំពុងជាប់រវល់នឹងរឿងតែងតំាងគណៈរដ្ឋមន្ត្រីថ្មី។ បន្ថែមពីលើនេះ លោកត្រាំ មិនបានបញ្ជាក់ឱ្យច្បាស់ពីកាលបរិច្ឆេទឡើយដោយគ្រាន់តែលើកឡើងថា សន្និសីទសារព័ត៌មាននឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ ប៉ុន្តែបើតាមព័ត៌មានដែល Fox News ទទួលគឺសន្និសីទសារព័ត៌មាននេះអាចនឹងត្រូវធ្វើឡើងនៅខែក្រោយ។
គួររំលឹកថាកាលនៅអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត លោក ដូណាល់ ត្រាំ បានប្រកាសទ្រព្យសម្បត្តិ ដោយក្នុងនោះលោកកំពុងក្ដោបក្ដាប់ភាគហ៊ុននៃក្រុមហ៊ុនប្រមាណ ៥០០ នៅក្នុងប្រទេសចំនួន២៥។ លោក ត្រាំ បានអះអាង ថាលោកនឹងបោះបង់ចោលមុខជំនួញរបស់លោកនៅមុនថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ដើម្បីឡើងធ្វើជាប្រធានាធិបតីអាមេរិក ដែលមិនពាក់ព័ន្ធនឹងការរកស៊ីអ្វីទាំងអស់៕