(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានលើកឡើងថា ទណ្ឌកម្មរបស់សហភាពអឺរ៉ុប ដែលបានដាក់មកលើប្រទេសរុស្ស៊ី គឺជាឧបសគ្គដ៏ធំមួយចំពោះការស្តារទំនាក់ទំនងយ៉ាងពេញលេញរវាងរុស្ស៊ី និងជប៉ុន ពោលវាគឺជារនាំងដែលឃាំងរដ្ឋាភិបាលទីក្រុងមូស្គូ មិនឲ្យបើកកិច្ចពិភាក្សាដើម្បីសម្រេចបានសន្ធិសញ្ញាសន្តិភាពជាមួយប្រទេសជប៉ុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០១៦។
ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានជប៉ុន Yomiruri នៅមុនកិច្ចប្រជុំរយៈពេលពីរថ្ងៃគឺថ្ងៃទី១៥-១៦ ខែធ្នូខាងមុខនេះជាមួយនឹងលោកនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ នៅឯប្រទេសជប៉ុន លោក វ៉្លាឌីមៀ ពូទីន បានគូសបញ្ជាក់ថា ប្រទេសរុស្ស៊ីមានឆន្ទៈខ្ពស់ជានិច្ចក្នុងការពិភាក្សាគ្នា អំពីសកម្មភាពសេដ្ឋកិច្ចរួមជាមួយជប៉ុននៅលើប្រជុំដែនកោះដែលមានជម្លោះរាប់ទសវត្សរ៍មកហើយនោះ ប៉ុន្តែលោក ពូទីន បានបន្តថាសកម្មភាពទាំងអស់នេះ ចាំបាច់ត្រូវតែប្រព្រឹត្តទៅក្រោមអធិបតេយ្យភាពរបស់ប្រទេសរុស្ស៊ីផ្ទាល់។
ជាចុងក្រោយប្រធានាធិបតីរុស្ស៊ីបានថ្លែងថា សំណើរបស់ជប៉ុនក្នុងបង្កើតកិច្ចសហប្រតិបត្តិសេដ្ឋកិច្ច បានជួយធ្វើឲ្យបរិយាកាសកាន់តែប្រសើរសម្រាប់ការពិភាក្សាគ្នា ជាមួយប្រទេសជប៉ុន។
គួរបញ្ជាក់ថាជម្លោះដែនដី រវាងជប៉ុន និងរុស្ស៊ី បានកើតឡើងនៅថ្ងៃចុងក្រោយនៃសង្រ្គាមលោកលើកទី២ នៅពេលដែលអតីតសហភាពសូវៀត បានចូលកាន់កាប់ទីប្រជុំកោះគូរីល និងដោយសារជម្លោះទឹកដីនេះដែរ ទីក្រុងតូក្យូ និងទីក្រុងមូស្គូ មិនទាន់បានចុះហត្ថាលេខាលើសន្ធិសញ្ញាសន្តិភាពនឹងគ្នានៅឡើយទេ៕