(ញូយ៉ក)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិជិតផុតអណត្តិ លោក បាន គីមូន បានព្រមានក៏ដូចជាបង្ហាញពីក្ដីព្រួយបារម្ភឥតឧបមាចំពោះអំពើសាហាវឃោឃៅ ប្រព្រឹត្តឡើងប្រឆាំងនឹងជនស៊ីវិលពិសេសស្ត្រីនិងកុមារនៅក្នុងទីក្រុងអាឡេប៉ូ ស្របពេលដែលកងទ័ពរដ្ឋាភិបាលស៊ីរី បានប្រកាសពីជ័យជម្នះរបស់ខ្លួន ដោយអះអាងថា សង្រ្គាមនៅក្នុងទីក្រុងនេះបានឈានដល់ដំណាក់កាលចុងក្រោយហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០១៦។
លោក បាន គីមូន នឹងបញ្ចប់អណត្តិជាអគ្គលេខាធិការអង្គការសហប្រជាជាតិ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ប៉ុន្តែបានបន្សល់ទុកបញ្ហាជាច្រើនដូចជា សង្រ្គាមស៊ីរីជាដើមដែលលោកគ្មានសមត្ថភាពដោះស្រាយ និងទុកឱ្យអ្នកបន្តវេនពីលោក គឺលោក ហ្គូធឺរែស ចាត់ចែងបន្ត។ ទន្ទឹមគ្នានោះដែរបេសកជនពិសេសអង្គការសហប្រជាជាតិសម្រាប់ស៊ីរី បានសង្កត់ធ្ងន់ដែរថា រុស្ស៊ី និងរដ្ឋាភិបាលស៊ីរីជាអ្នកទទួលខុសត្រូវលើអំពើសាហាវយង់ឃ្នង ដែលកើតឡើងនៅក្នុងទីក្រុងអាឡេប៉ូ ខណៈកងកម្លាំងរដ្ឋាភិបាលលោក អាស្សាដ បានគ្រប់គ្រងទឹកដីជាង ៩០% នៃទីក្រុងដ៏អភ័ព្វមួយនេះទៅហើយ។
គួររំលឹកថា បើតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី គិតចាប់តាំងពីថ្ងៃទី១៥ ខែវិច្ឆិកាមកជនស៊ីវិល ៤១៥នាក់ និងក្រុមអ្នកយុទ្ធឧទ្ទាមស៊ីរី ៣៦៤នាក់បានស្លាប់ក្នុងការទម្លាក់គ្រាប់បែក និងប្រយុទ្ធគ្នារវាងកងកម្លាំងក្រុមឧទ្ទាម និងកងទ័ពរដ្ឋាភិបាលស៊ីរី៕