(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ដូណាល់ ត្រាំ បានសម្រេចចិត្តជ្រើសរើស លោក រិច ភែរី (Rick Perry) ឱ្យធ្វើជារដ្ឋមន្ត្រីក្រសួងថាមពលបន្ទាប់ពីបានជួបពិភាក្សាគ្នានៅថ្ងៃចន្ទ នៅឯអាគារពាណិជ្ជកម្ម Trump Tower ក្នុងទីក្រុងញូយ៉ក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CBS News នៅរសៀលថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០១៦។
អតីតអភិបាលរដ្ឋតិចសាស់ (Texas) លោក ភែរី បានស្ថិតនៅក្នុងចំណោមបេក្ខជនបីរូបសំខាន់ៗ សម្រាប់មុខ តំណែងនេះ ហើយលោកនឹងត្រូវដោះស្រាយបញ្ហាសំខាន់ជាច្រើន ជាពិសេសគឺការកសាងបំពង់បង្ហូរប្រេងនៅក្នុងរដ្ឋដាកូតា (Dakota) ដែលមានការជំទាស់យ៉ាងពីសំណាក់ក្រុមសកម្មជនការពារបរិស្ថាន និងប្រជាជននៅក្នុងតំបន់ដោយពួកគេបារម្ភខា្លចក្រែងគំរោងនេះ នឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន។
គួររំលឹកថានៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍ FoxNews លោក ដូណាល់ ត្រាំ បានសន្យាថាលោកអាចនឹងធ្វើអន្តរាគមន៍បើសិនជាបញ្ហាមិនត្រូវបានដោះស្រាយ នៅមុនលោកស្បថចូលកាន់តំណែង។ «នៅពេលខ្ញុំកាន់តំណែងជាប្រធានាធិបតី បើសិនបញ្ហាមិនត្រូវបានដោះស្រាយ ខ្ញុំនឹងដោះស្រាយបញ្ហាដោយខ្លួនឯងឱ្យបានឆាប់រហ័ស»។ នេះជាការលើកឡើងរបស់លោក ដូណាល់ ត្រាំ៕