(វ៉ាស៊ីនតោន)៖ យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Lufthansa Airlines ដែលមានគោលដៅចេញពីទីក្រុង Houston នៃរដ្ឋ Texas សហរដ្ឋអាមេរិកឆ្ពោះទៅកាន់ទីក្រុង Frankfort នៃប្រទេសអាល្លឺម៉ង់នោះត្រូវបានបង្ខំឲ្យធ្វើការចុះចតយ៉ាងទាន់ហន់ នៅឯអាកាសយានដ្ឋាន John F. Kennedy ក្នុងទីក្រុងញូយ៉កជាបន្ទាន់ ក្រោយពេលទទួលបានសេចក្តីរាយការណ៍ថាមានគ្រាប់បែកនៅលើនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Fox News នៅមុននេះបន្តិច នារសៀលថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០១៦។
អាជ្ញាធរប្រចាំនៅអាកាសយានដ្ឋានខាងលើបានឲ្យដឹងថា មានមនុស្សម្នាក់បានហៅទូរស័ព្ទទៅកាន់ទីស្នាក់ការរបស់ក្រុមហ៊ុនអាកាសចរណ៍ Lufthansa Airlines ហើយបន្ទាប់ពីអាកាយានិកបានជ្រាបពីដំណឹងនេះ ក៏បានសម្រេចចិត្តចុះចតនៅឯព្រលានយន្តហោះ JFK នៅវេលាម៉ោងប្រហែល ៨៖០០នាទីយប់ថ្ងៃចន្ទ (ម៉ោងនៅក្នុងទីក្រុងញូយ៉ក) ភ្លាមៗតែម្តង។
សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនអាកាសចរណ៍ខាងលើបានបញ្ជាក់ដូច្នេះថា «ជើងហោះហើរ LH441 ពីទីក្រុង Houston រដ្ឋ Texas ដែលដំបូងឡើយត្រូវឆ្ពោះទៅកាន់ទីក្រុង Frankfort ប្រទេសអាល្លឺម៉ង់ ត្រូវបានប្តូរគោលដៅទៅកាន់អាកាសយានដ្ឋាន JFK វិញ ដើម្បីកាត់បន្ថយហនីយភ័យផ្សេងៗ និងជួយសម្របសម្រួលដល់អាជ្ញាធរដែលពាក់ព័ន្ធទាំងអស់ ក៏ដូចជាអាកាសយានិកនៅលើយន្តហោះផ្ទាល់ផងដែរ ហើយយន្តហោះនេះ បានធ្វើការចុះចតដោយសុវត្ថិភាពនៅឯទីក្រុងញូយ៉ក»។
គួរបញ្ជាក់ថា បន្ទាប់ពីបានចុះចតដោយសុវត្ថិភាពនៅឯព្រលានយន្តហោះ John F. Kennedy ហើយនោះ អ្នកដំណើរទាំងប៉ុន្មានដែលនៅលើយន្តហោះត្រូវបានជម្លៀសចេញជាបន្ទាន់ ហើយយោងតាមរបាយការណ៍ចុងក្រោយបំផុត ក្រុមប៉ូលិសជំនាញបានធ្វើការឆែកឆេរយន្តហោះនេះសព្វគ្រប់ជ្រុងជ្រោយទាំងអស់ ប៉ុន្តែមិនបានរកឃើញគ្រាប់បែក ឬគ្រឿងផ្ទុះណាមួយឡើយនៅលើនោះឡើយ៕