(គូឡាឡំាពួរ)៖ ព្រះចៅ ស៊ុលតង់ មហាម៉ាត់ ទីប្រាំ (Sultan Muhammad V) បានចូលរួមព្រះរាជពិធីស្បថឡើងគ្រងរាជ្យសម្បត្តិជាផ្លូវការហើយ នៅថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០១៦ នេះអនុឡោមតាមការសម្រេចនៃក្រុមប្រឹក្សាអ្នកកាន់អំណាច កាលពីខែតុលា កន្លងទៅនេះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិចដោយសារព័ត៌មាន Channel News Asia នារសៀលថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០១៦។
ព្រះចៅ ស៊ុលត្រង់ បានស្បថឡើងគ្រងរាជ្យ ដែលមានព្រះនាមជាផ្លូវការថា Yang di-Pertuan Agong នៅឯវិមាន Istana Negara ក្នុងទីក្រុងគូឡាឡាំពួរ នៃសហព័ន្ធម៉ាឡេស៊ី ដោយព្រះអង្គម្ចាស់ ស៊ុលតង់ Perak Nazrin Shah ក៏ត្រូវបានតែងតាំងឲ្យឡើងធ្វើជាឧបរាជផងដែរ។ ព្រះរាជពិធីឡើងគ្រងរាជ្យសម្បត្តិដ៏ធំសម្បើម ត្រូវបានប្រារព្ធឡើងចាប់តាំងពីវេលាម៉ោង៧៖៥០នាទីព្រឹកថ្ងៃអង្គារ ដោយមានការដង្ហែក្បួនក្នុងចម្ងាយផ្លូវ ១៤គីឡូម៉ែត្រពីវិមាន Istan Negeri ឆ្ពោះទៅកាន់ព្រលានយន្តហោះដើម្បីទទួលដំណើរយាងមកដល់នៃព្រះអង្គ ស៊ុលតង់ មកកាន់រាជធានីដើម្បីគ្រងរាជ្យ ជាស្តេចជំនាន់ទី១៥។
គួរបញ្ជាក់ថាព្រះចៅ ស៊ុលតង់ បានយាងមកដល់ទីក្រុង គូឡាឡាំពួរ នៅវេលាម៉ោង ១០៖០០នាទីព្រឹក ហើយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក ណាជីប រ៉ាហ្សាក់ គឺជាអ្នកទទួលការយាងមកដល់នៃព្រះមហាក្សត្រអង្គថ្មីខាងលើនេះ។ កងកម្លាំង និងក្រុមពិធីការទទួលព្រះមហាក្សត្រ ត្រូវរៀបចំឡើងនៅក្នុងទីលានរដ្ឋសភា បន្ទាប់ពីការប្រកាសដាក់រាជ្យពីអតីតព្រះមហាក្សត្រ និងមហាក្សត្រីយ៍អាណត្តិមុនត្រូវបានធ្វើឡើងកាលពីថ្ងៃចន្ទ ម្សិលមិញនេះ។ សម្រាប់អាណត្តិរបស់ព្រះមហាក្សត្រគ្រងរាជ្យ នៅម៉ាឡេស៊ី គឺមានរយៈពេលប្រាំឆ្នាំ៕