(ឡុងដ៍)៖ អង្គភាពបង្រ្កាបអំពើភេរវកម្មនៅក្នុងទីក្រុងឡុងដ៍ និងភាគកណ្តាលប្រទេសអង់គ្លេស បានចាប់ខ្លួនមនុស្សចំនួន ០៦នាក់ដែលគេសង្ស័យថាជាបណ្តាញភេរវករ ដែលអាចរៀបចំគំរោងក្នុងការវាយប្រហារនៅចក្រភពអង់គ្លេស នៅថ្ងៃអង្គារនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០១៦។
ជនទាំង០៦នាក់ខាងលើដែលរួមមាន បុរសប្រាំនាក់ និងស្រ្តីវ័យ៣២ឆ្នាំម្នាក់ កំពុងស្ថិតក្រោមការជាប់សង្ស័យពីបទបំពានច្បាប់ភេរវកម្មរបស់ចក្រភពអង់គ្លេស ហើយកំពុងត្រូវបានសួរចម្លើយម្តងម្នាក់ៗដោយមន្រ្តីប៉ូលិស។ ការចាប់ខ្លួននេះត្រូវបានធ្វើឡើងបន្ទាប់ពីកងកម្លាំងបង្រ្កាបអំពើភេរវកម្ម បានបើកយុទ្ធនាការចុះសម្រុកឆែកឆេរក្នុងលំនៅឋានចំនួន ០៦ខ្នងនៅទីក្រុងឡុងដ៍, ទីក្រុង Derby, និងក្រុង Burton-on-Trent។
ខណៈពេលនេះអាជ្ញាធរអង់គ្លេសមិនបានបញ្ចេញឲ្យដឹងថា តើជនដែលត្រូវបានចាប់ខ្លួនទាំង ០៦នាក់នោះ បានរៀបចំគំរោងវាយប្រហារដោយអំពើភេរវកម្ម នៅក្នុងចក្រភពអង់គ្លេសដែរ ឬយ៉ាងនៅឡើយទេ ហើយក៏គ្មានការបញ្ជាក់ពីអត្តសញ្ញាញរបស់ពួកគេ ដែលកំពុងស្ថិតក្រោមការឃុំខ្លួនរបស់ប៉ូលិសផងដែរ ដោយនៅក្នុងសេចក្តីថ្លែងការណ៍ដ៏ខ្លីមួយ មន្រ្តីប៉ូលិសបានត្រឹមបង្ហើបប្រាប់ថា ពួកគេបានឃាត់ខ្លួនបុរសបួននាក់ពីទីក្រុង Derby ដែលមានអាយុ ២២ឆ្នាំ, ២៧ឆ្នាំ, ៣៥ឆ្នាំ, និង៣៦ឆ្នាំរួមជាមួយបុរសម្នាក់ទៀតអាយុ ២៧ឆ្នាំពីទីក្រុង Burton និងស្រ្តីវ័យ ៣២ឆ្នាំម្នាក់ទៀតពីទីក្រុងឡុងដ៍។
គួរបញ្ជាក់ដែរថា អាជ្ញាធរចក្រភពអង់គ្លេសក៏បានស្នើប្រជាពលរដ្ឋទាំងអស់នៅក្នុងតំបន់ ឲ្យនៅបន្តមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ប៉ុន្តែកុំឲ្យមានការភ័យតក់ស្លុតឡើយដោយសារតែការចាប់ខ្លួននេះ៕