(ភ្នំពេញ)៖ នៅប៉ុន្មាននាទីមុននេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហោះសារនៅលើ Facebook Page ផ្លូវការរបស់ សម្តេចតេជោ ឲ្យដឹងថា កម្ពុជារីករាយស្វាគមន៍ដល់ដំណើរទស្សនកិច្ចរបស់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ប្រធានាធិបតីហ្វីលីពីន មកកម្ពុជារយៈពេល២ថ្ងៃ នៅថ្ងៃទី១៣-១៤ ខែធ្នូ ឆ្នាំ២០១៦នេះ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហោះឲ្យដឹងថា «កម្ពុជារីករាយស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីហ្វីលីពីន នៅរសៀល ថ្ងៃទៅ១៣ ខែធ្នូ ឆ្នាំ២០១៦នេះ លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte)នឹងអញ្ជើញ មកបំពេញទស្សនកិច្ច ជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ទន្ទឹមនឹងនេះ កីឡាករប្រដាល់ដ៏ល្បីល្បាញ របស់ហ្វីលីពីន លោក ម៉ែននី ប៉ាគីវអាវ ក៏នឹងអញ្ជើញអមដំណើរលោកប្រធានាធិបតីមកប្រទេសកម្ពុជាផងដែរ»។
គួរបញ្ជាក់ថា ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ដែលអមដំណើរ ដោយកីឡាករប្រដាល់ ពិភពលោកដ៏ល្បាញល្បី លោក ម៉ែននី ប៉ាគីអាវ ផងនោះ នឹងអញ្ជើញមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោងប្រមាណ ៥៖៥០នាទីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦នេះ។ នេះបើយោងតាមការបញ្ជាក់ពី មន្រ្តីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា។
បើតាមមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល បានឲ្យដឹងទៀតថា លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នឹងសម្រាកមួយយប់នៅសណ្ឋាគារ សូហ្វីតែល ភូគីត្រា រាជធានីភ្នំពេញ។ក្នុងពេលស្នាក់នៅនោះ ក៏មានការជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋហ្វីលីពិន ដែលកំពុងរស់នៅកម្ពុជាផងដែរ។ នៅថ្ងៃបន្ទាប់នេះពោលគឺថ្ងៃទី១៤ ខែធ្នូ ពេលព្រឹកលោក រ៉ូឌ្រីហ្គោ ឌូតឺតេ នឹងចូលជួបបង្គំគាល់ និងសវនាការជាមួយ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ លុះពេលរសៀលលោកប្រធានាធិបតី នឹងចូលជួបសំណេះសំណាលការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅវិមានសន្តិភាព។
លោកប្រធានាធិបតីហ្វីលីពីន នឹងត្រឡប់ចាកចេញពីប្រទេសកម្ពុជាវិញ នៅវេលាម៉ោងប្រមាណ ៩៖៣០នាទីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ឆ្ពោះទៅប្រទេសសិង្ហបុរី។ ប៉ុន្តែមុនចាកចេញពីកម្ពុជា លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ក៏នឹងអញ្ជើញចូលរួមពិធី លាងសាយភោជ ដែលរៀបចំឡើងនៅក្នុងព្រះបរមរាជវាំងផងដែរ។
បើតាមការចេញផ្សាយរបស់ព័ត៌មានបរទេស ដែលបានដកស្រង់សម្តីរបស់មន្រ្តីក្រសួងការបរទេសហ្វីលីពិន បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចរបស់លោក ឌូតឺតេ នៅកម្ពុជានេះ លោកអាចនឹងលើកយកបញ្ហាសមុទ្រចិនខាងត្បូង មកជជែកពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន។
សូមបញ្ជាក់ថា លោក ឌូតឺតេ បានក្លាយជាប្រធានាធិបតីទី១៦ របស់ហ្វីលីពិន និងបានឡើងកាន់អំណាចនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ នៅវិមាន Malacanang ក្នុងរដ្ឋធានីម៉ានីល បន្ទាប់ពីលោកបានជាប់ឆ្នោតកាលពីថ្ងៃទី០៩ ខែឧសភា ដោយទទួលបានសំឡេងគាំទ្រជាង ១៦លាននាក់ លើគូប្រកួតប្រជែងម្នាក់ទៀតគឺលោក Manel Roxas ដែលបានទទួលតែ ៧លានសំឡេងប៉ុណ្ណោះ។
លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានក្លាយជាប្រធានាធិបតី ដ៏ល្បាញល្បីមួយរូបនៅតំបន់អាស៊ី ដោយការដាក់ចេញយុទ្ធនាការប្រយុទ្ធប្រឆាំងលើបញ្ហាគ្រឿងញៀន ដែលបាន ចាក់ស្រេះក្នុងប្រទេសអស់ជាច្រើនទស្សវត្សរ៍មកហើយនោះ។ លោកបានប្រកាសបាញ់សម្លាប់រាល់ជនជួញដូរគ្រឿងញៀន ដោយមិនខ្លាចការរិះគន់លើ បញ្ហាសិទ្ធិមនុស្សនោះឡើយ ដែលជាហេតុធ្វើឲ្យពលរដ្ឋហ្វីលីពិន ពេញចិត្តពេញថ្លើមជាខ្លាំង។
អ្វីដែលនាំឲ្យពិភពលោកចាប់អារម្មណ៍ខ្លាំង ជាមួយប្រធានាធិបតីរូបនេះដែរនោះ គឺការផ្លាស់ប្តូររបត់នយោបាយ ក្នុងបញ្ហាសមុទ្រចិនខាងត្បូង ដោយបានងាកពីការគាំទ្រ ប្រទេសអាមេរិក មកគាំទ្រប្រទេសចិនជាគូជម្លោះទៅវិញ។ លោកប្រធានាធិបតីរូបនេះ ក៏ធ្វើឲ្យពិភពលោកចាប់អារម្មណ៍ខ្លាំងផងដែរ តាមរយៈប្រើសម្តីមិនសំចៃមាត់ក្នុង ការរិះគន់លើគោលនយោបាយ និងជេរប្រមាថប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា៕