អតីតគូប្រជែងលោក អូបាម៉ា គឺលោក Mitt Romney មិនមែនជាជំរើសធ្វើជា រដ្ឋមន្ត្រីការបរទេសអាមេរិកឡើយ ខណៈលោក ដូណាល់ ត្រាំ មានបុគ្គលផ្សេងក្នុងចិត្ត
13-12-2016 11:12
(វ៉ាស៊ីនតោន)៖ អតីតបេក្ខជនប្រធានាធិបតីអាមេរិក នៃគណបក្សសាធារណរដ្ឋ លោក មីត រុំនី (Mitt Romney) បានអះអាងថា លោកមិនមែនជាមនុស្សដែលលោក ដូណាល់ ត្រាំ ត្រូវតែងតំាងជារដ្ឋមន្ត្រីការបរទេសអាមេរិកនោះទេ ខណៈប្រធានាធិបតីជាប់ឆ្នោតរូបនេះបានប្រកាសនៅលើ Twitter ថាលោកនឹងតែងតាំងប្រមុខការទូតអាមេរិកថ្មី នៅព្រឹកថ្ងៃអង្គារនេះ (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០១៦។
ថ្លែងនៅលើគណនី Facebook របស់ខ្លួនលោក មីត រុំនី ដែលធ្លាប់រិះគន់ឥតសម្ចៃមាត់លើលោក ត្រាំ បាននិយាយថា «ខ្ញុំពិតជាមានកិត្តិយសណាស់ដែលត្រូវបានគេ ចាត់ទុកថាជាបេក្ខភាពសម្រាប់តំណែងជារដ្ឋមន្ត្រីការបរទេសនៃប្រទេសដ៏អស្ចារ្យរបស់យើង។ កិច្ចពិភាក្សារវាងខ្ញុំ និងប្រធានាធិបតីជាប់ឆ្នោត លោក ត្រាំ បានប្រព្រឹត្តិទៅក្រោមភាពសប្បាយរីករាយ ហើយខ្ញុំសង្ឃឹមថារដ្ឋបាលអាមេរិកថ្មី នឹងដឹកនាំប្រទេសជាតិឆ្ពោះទៅរកភាពខ្លំាង វិបុលភាព និងសន្តិភាព»។ ប៉ុន្តែយ៉ាងណាក៏ដោយការលើកឡើងរបស់លោក រុំនី ធ្វើឡើងនៅបន្ទាប់ពីប្រភពស្និទ្ធនឹងរូបលោកបានបង្ហើបថា លោក ត្រាំ បានហៅទូរស័ព្ទមកកាន់រូបលោក រុំនី ដោយប្រាប់ថាលោកមិនអាចតែងតាំងជា រដ្ឋមន្ត្រីការបរទេសអាមេរិកថ្មីនោះទេ។
គួរបញ្ជាក់ថារហូតមកទល់ពេលនេះ នាយកប្រតិបត្តិក្រុមហ៊ុនប្រេង ExxonMobil លោក រិច ធីល្លឺសុន (Rex Tillerson) ដែលជាមិត្តម្នាក់របស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅតែត្រូវបានគេរំពឹងខ្ពស់ថានឹងអាចក្លាយជារដ្ឋមន្ត្រីការបទេសអាមេរិកថ្មី ក្រោមចំណាប់អារម្មណ៍ជាយូរមកហើយពីលោក ត្រាំ៕