(អាមេរិក)៖ សហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsft របស់សហរដ្ឋអាមេរិកគឺកំពូលមហាសេដ្ឋី Bill Gates បានសហការគ្នាជាមួយនិងមហាសេដ្ឋីកំពូលៗ មួយចំនួនទៀតរួមមាននាយកប្រតិបត្តិ Facebook លោក Mark Zuckerberg, នាយកក្រុមហ៊ុន Alibaba លោក Jack Ma, និងនាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក Jeff Bezos ធ្វើការវិនិយោគប្រាក់ចំនួនមួយពាន់លានដុល្លារទៅក្នុងមូលនិធិមួយសំដៅជំរុញការបង្កើតបច្ចេកវិទ្យាថាមពលស្អាតគ្មានការបំពុលបរិស្ថាន និងជួយដោះស្រាយបញ្ហា បម្រែបម្រួលអាកាសធាតុពិភពលោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០១៦។
មូលនិធិឈ្មោះថា «Breakthrough Energy Ventures» ត្រូវបានបង្កើតឡើងនៅថ្ងៃអង្គារនេះតែម្តងដោយសហគ្រិនដែលជាមហាសេដ្ឋីទាំងបួនរូប ក្នុងគោលបំណងបង្កើនការផ្គត់ផ្គង់ផ្នែកហិរញ្ញវត្ថុដល់ការសិក្សាស្រាវជ្រាវអំពីថាមពល និងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស ដើម្បីជួយសម្រេចគោលដៅដែលត្រូវបានកំណត់នៅក្នុង «កិច្ចព្រមព្រៀងទីក្រុងប៉ារីស» ស្តីពីបញ្ហាអាកាសធាតុសកលលោក។
ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយទស្សនាវដ្តី Quartz លោក Bill Gates បានលើកឡើងថា «ពួកយើងត្រូវការថាមពលដែលមានតម្លៃធូរថ្លៃ និងអាចទុកចិត្តបានហើយមិនបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ក្នុងការផ្គត់ផ្គង់ថាមពលនាពេលអនាគត ប៉ុន្តែដើម្បីអាចសម្រេចគោលដៅនេះបាន យើងចាំបាច់ត្រូវមានគំរូផ្សេងមួយសម្រាប់ធ្វើការវិនិយោគទៅក្នុងការបង្កើតគំនិតច្នៃប្រឌិតថ្មីៗ និងផ្លាស់ប្តូរពួកវាចេញពីទីពិសោធន៍ដែលពុំសូវទាក់ទាញការចាប់អារម្មណ៍ទៅកាន់ទីផ្សារដ៏ធំទូលាយវិញ»។
គួរបញ្ជាក់ថា លោក Bill Gates ដែលជាបុរសមានទ្រព្យសម្បត្តិស្តុកស្តមជាងគេបំផុតលើលោកនោះ តែងតែបានធ្វើការវិនិយោគនៅក្នុងការសិក្សាស្រាវជ្រាវទាក់ទងនឹង បច្ចេកវិទ្យានៃការបង្កើតថាមពលថ្មីនៅក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ហើយទោះបីជាការវិនិយោគទុនទាំងអស់នោះ សុទ្ធតែមិនធ្លាប់បានសម្រេចចេញជាផ្លែផ្កាណាមួយយ៉ាងណាក្តី ក៏រូបលោកជាមួយនិងមហាសេដ្ឋីទាំងបីរូបទៀតនៅតែមានសុទិដ្ឋិនិយមជានិច្ចថា មូលនិធិនៃការអភិវឌ្ឍបច្ចេកវិទ្យាដើម្បីបង្កើតថាមពលស្អាតហើយមិនបំពុលបរិស្ថានមួយនេះនឹងអាចទៅរួច៕