(វ៉ាស៊ីនតោន)៖ ការិយាល័យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិអាមេរិក (ODNI) បានបដិសេធចំពោះរបាយការណ៍ និងការវាយតម្លៃរបស់ទីភ្នាក់ងារចារកិច្ច CIA ដែលថា រុស្ស៊ីបានវាយប្រហារតាមប្រព័ន្ធអ៉ិនធើណែតលើលទ្ធផល នៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ដើម្បីជួយឱ្យលោក ដូណាល់ ត្រាំ ឈ្នះឆ្នោត ប៉ុន្តែ ODNI មិនបានបញ្ជាក់ឡើយថា របាយការណ៍នេះខុសដោយវាគ្រាន់តែគ្មានភស្ដុតាងគ្រប់គ្រាន់តែប៉ុណ្ណោះ។ នេះបើតាមក្រុមមន្ត្រីអាមេរិក ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដែលចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០១៦។
ប្រភពដដែលបានឱ្យដឹងទៀតថា ODNI មិនបានជំទាស់ទំាងស្រុងនោះទេ ចំពោះការវិភាគរបស់ CIA ពាក់ព័ន្ធនឹងការចូល Hack លទ្ធផលឆ្នោតដោយរុស្ស៊ី ក៏ប៉ុន្តែលោកក៏មិនបានទទួលស្គាល់ដែរ ការវាយតម្លៃ និងរបាយការណ៍របស់ CIA ក្រោមហេតុផលគ្មានភស្ដុតាងច្បាស់លាស់ បង្ហាញថា ទីក្រុងមូស្គូពិតជាមានបំណងជួយឱ្យលោក ដូណាល់ ត្រាំ យកឈ្នះលោកស្រី ហ៊ីលឡារី គ្លីនតុន ឬយ៉ាងណានោះទេ ខណៈអ្នកនាំពាក្យ ODNI ក៏មិនបានធ្វើអត្ថាធិប្បាយអ្វីនោះដែរជុំវិញបញ្ហានេះ។
គួរបញ្ជាក់ថា ការិយាល័យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិអាមេរិក (ODNI) គឺស្ថាប័នផ្នែកចារកិច្ច ដែលឃ្លាំមើល និងគ្រប់គ្រងទីភ្នាក់ងារស៊ើបការអាមេរិកទាំង១៧ ក្នុងនោះរួមមានទំាង CIA ផងដែរ។ ដូច្នេះតាមរយៈការបដិសេធនេះ ODNI អាចនឹងផ្ដល់ការគាំទ្រពិសេសមួយដល់លោក ដូណាល់ ត្រាំ ដើម្បីជំទាស់នឹងរបាយការណ៍ CIA ដែលលោកផ្ទាល់ចាត់ទុកថាជា «រឿងគួរឱ្យអស់សំណើច» និងគ្រាន់តែជាការចង់បិទបាំងភាពអៀនខ្មាស់នៃការបរាជ័យរបស់លោកស្រី គ្លីនតុន តែប៉ុណ្ណោះ៕