(វេណេស៊ុយអេឡា)៖ ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ បានចេញបញ្ជាឲ្យបិទច្រកព្រំដែនជាប់នឹង ប្រទេសកូឡុំប៊ីមួយរយៈសិនគឺក្នុងពេល ៧២ម៉ោងដើម្បីទប់ស្កាត់ការរត់ពន្ធក្រដាសប្រាក់ខុសច្បាប់ ដោយពួកក្រុមឧក្រិដ្ឋជនសម្ងាត់ ដែលព្យាយាមបង្កអស្ថិរភាពដល់សេដ្ឋកិច្ចជាតិ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Washington Post នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០១៦។
ការបិទព្រំដែនជាមួយនឹងប្រទេសកូឡុំប៊ីនេះ កើតឡើងចំពេលដែលលោក នីកូឡាស់ ម៉ាឌូរ៉ូ កំពុងព្យាយាមដោះស្រាយការកើនឡើង ឥតឈប់ឈរនៃអតិផរណានៅក្នុងប្រទេស និងការចេញក្រដាសប្រាក់ថ្មីជាច្រើនប្រភេទក្រោយពេលដែលរដ្ឋាភិបាលបានប្រកាសថា នឹងលែងឲ្យមានការប្រើប្រាស់ក្រដាសប្រាក់តម្លៃ១០០ បូលីវ៉ាតទៅទៀត ដែលសព្វថ្ងៃវាជាក្រដាសប្រាក់ដ៏ពេញនិយមបំផុត នៅក្នុងប្រទេសវេណេស៊ុយអេឡា ប៉ុន្តែមានតម្លៃស្មើត្រឹម ៣ដុល្លារសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។
លោក ម៉ាឌូរ៉ូ បានព្រមានថានឹងមិនអនុញ្ញាតឲ្យជនទាំងឡាយណា ធ្វើការនាំចូលក្រដាសប្រាក់ ១០០បូឡាវ៉ាពីក្រៅប្រទេស មកធ្វើការដោះដូរយកក្រដាសប្រាក់ថ្មីឡើយ ដែលជាហេតុធ្វើឲ្យប្រជាជនវេណេស៊ុយអេឡានាំគ្នារួសរាន់ចាយប្រកាសប្រាក់ ១០០បូឡាវ៉ា ដែលពួកគេមានយ៉ាងទាន់ហន់បំផុតនៅថ្ងៃអង្គារនេះ ឲ្យបានមុនថ្ងៃពុធ សប្តាហ៍នេះដែលជាពេលកំណត់របស់រដ្ឋាភិបាល ក្នុងការដកក្រដាសប្រាក់ ១០០បូឡាវ៉ាឈប់ឲ្យធ្វើចរាចរណ៍តទៅទៀត។
គួរបញ្ជាក់ថា បើយោងតាមការព្យាករណ៍ ប្រជាជនវេណេស៊ុយអេឡា ប្រមាណជាមួយភាគបីពុំមានគណនីធនាគារនោះឡើយហើយ និងបានធ្វើការរក្សាទុកប្រាក់សន្សំរបស់ពួកគេ នៅក្នុងទម្រង់ជាក្រដាសប្រាក់ ១០០បូឡាវ៉ាដែលឆាប់ៗខាងមុខនេះ នឹងគ្មានតម្លៃទៀតនោះឡើយ៕