(ញូយ៉ក)៖ អតីតនាយករដ្ឋមន្ត្រីព័រទុយហ្គាល់ លោក អាន់តូនីញ៉ូ ហ្គូធឺរែស (Antonio Guterres) បានស្បថចូលកាន់តំណែងជាអគ្គលេខាធិការ អង្គការសហប្រជាជាតិទី៩ ជាផ្លូវការហើយនៅថ្ងៃនេះ (ម៉ោងនៅក្នុងទីក្រុងញូវយ៉ក) នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ ហើយរហូតដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ទើបលោក ហ្គូធឺរែស ឡើងកាន់តំណែងនេះជំនួសលោក បាន គីមូន ជាផ្លូវការតែម្តង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០១៦។
ថ្លែងនៅក្នុងឱកាសនោះដែរ លោក ហ្គូធឺរែស បានអះអាងថា លោកនឹងធ្វើការផ្លាស់ប្ដូរព្រោះវា ដល់ពេលវេលាសម្រាប់អង្គការសហប្រជាជាតិ ចំពោះការកែទម្រង់នូវនីតិវីធី ដែលខ្លួនកំពុងអនុវត្តន៍ក្នុងនោះរួមមាន ការរក្សាសន្តិភាព ជំនួយការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការគ្រប់គ្រងនានា ខណៈពិភពលោក កំពុងប្រឈមមុខនឹង វិបត្តិធំៗជាច្រើនដូចជា សង្រ្គាមនៅស៊ីរី និងវិបត្តិជនភៀសខ្លួនជាដើម។
គួររំលឹកដែរថា លោក អាន់តូនីញ៉ូ ហ្គូធឺរែស មានអាយុ៦៧ឆ្នាំ ធ្លាប់ធ្វើប្រធានឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកកជនភៀសខ្លួនរយៈពេល ១០ឆ្នាំ ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១៥ ព្រមទំាងធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីព័រទុយហ្កាល់ ពីនៅចន្លោះឆ្នាំ១៩៩៥ ដល់ឆ្នាំ២០០២៕