(នីយ៉ុង)៖ កីឡាករខ្សែប្រយុទ្ធជួរមុខ Cristiano Ronaldo បានឈ្នះពានកីឡាករលេងល្អបំផុតរបស់ពិភពលោក ឆ្នាំ២០១៦ Ballon d’Or បន្ទាប់ពីជួយឲ្យក្លឹប Real Madrid ឈ្នះជើងឯក UEFA Champions League និងព័រទុយហ្គាល់ ឈ្នះពាន Euro នៅទឹកដីប្រទេសបារាំង។
តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយនៅយប់មិញថា នេះជាលើកទី៤ហើយ ដែលកីឡាករវ័យ៣១ឆ្នាំ ជនជាតិព័រទុយហ្គាល់រូបនេះ ឈ្នះពានកីឡាករលេងល្អបំផុត ដែលជាពានលំដាប់កំពូលរបស់ FIFA ប្រចាំឆ្នាំ២០១៦ ក្រៅពីធ្លាប់ឈ្នះ៣ដងផ្សេងទៀតក្នុងឆ្នាំ២០០៨ ២០១៣ និងឆ្នាំ២០១៤ នាពេលកន្លងទៅ គ្រាដែល Lionel Messi របស់ក្លឹប FC Barcelona ធ្លាប់ទទួលបានពាននេះ ៥ដង។
ក្នុងការបោះឆ្នោតជុំផ្តាច់ព្រ័ត្រលើកទី៣ យប់ថ្ងៃច័ន្ទ ទី១២ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងទីក្រុង Nyon ប្រទេសស្វីស នៃទីស្នាក់ការកណ្តាលរបស់ UEFA ក្នុងកម្មវិធីចាប់ឆ្នោតជ្រើសរើសគូប្រកួតក្នុង UEFA Champions League និង UEFA Europa League អតីតកីឡាករក្លឹប Manchester United និង Sporting Lisbon ខាងលើទទួលបានសំឡេងគាំទ្រច្រើនជាងគេ គ្រាដែល Messi ឈ្នះនៅលេខ២ និង Antoine Griezmann របស់ក្លឹប Atletico Madrid បញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៣៕