(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូងបានធ្វើការរិះគន់ក៏ដូចជាស្តីបន្ទោសធ្ងន់ៗទៅលើ របបដឹកនាំទីក្រុងព្យុងយ៉ាងដែលបានធ្វើសមយុទ្ធយោធាក្លែងជាបើកការវាយប្រហារមកលើវិមានប្រធានាធិបតីកូរ៉េខាងត្បូង «Blue House» ហើយទង្វើនេះនឹងធ្វើឲ្យភាពតានតឹងនៅឧបទ្វីបកូរ៉េដែលបែកខ្ញែកគ្នាមួយនេះកើនឡើងកាន់តែខ្លាំងបន្ថែមទៀត។ នេះបើតាមតាមសេចក្តីថ្លែងការណ៍របស់ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន យុនហ៉ាប់ នៅមុននេះបន្តិចនារសៀលថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០១៦។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ លោក Jeong Joo-hee អ្នកនាំពាក្យក្រសួងខាងលើបានលើកឡើងដែរថា «ទង្វើរបស់កូរ៉េខាងជើងទំនងជាចង់បង្ហាញឲ្យរដ្ឋាភិបាលទីក្រុងសេអ៊ូលឃើញថា របបដឹកនាំនៃប្រទេសរបស់គេ នៅតែមានភាពរឹងមាំនិងស្ថិតស្ថេរជានិច្ច ដែលវាផ្ទុយពីអ្វី (វិបត្តិនយោបាយ) ដែលប្រទេសកូរ៉េខាងត្បូងបាននិងកំពុងឆ្លងកាត់ រហូតឈានទៅដល់ការទម្លាក់លោកស្រី ផាក គឺនហេ ចេញពីតំណែងប្រធានាធិបតី»។
គួររំលឹកថា កាលពីថ្ងៃអាទិត្យម្សិលមិញ ប្រមុខដឹកនាំកំពូលនៃប្រទេសកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យដោយផ្ទាល់ទៅលើការធ្វើសមយុទ្ធយោធាមួយរបស់កងកម្លាំងពិសេស KPA Unit 525 ក្នុងការវាយយកនិងកម្ទេចមូលដ្ឋានយុទ្ធសាស្រ្តសំខាន់ៗរបស់កូរ៉េខាងត្បូង ដោយរួមបញ្ចូលទាំងវិមានប្រធានាធិបតី «Blue House» ផងដែរ។
ម៉្យាងវិញទៀតនៅថ្ងៃចន្ទនេះ បើយោងតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង Rodong Sinmun ទីក្រុងព្យុងយ៉ាងបានគំរាមថានឹងធ្វើការវាយប្រហារតាមផ្លូវអាកាសមកលើប្រទេសកូរ៉េខាងត្បូងថែមទៀតផង ដោយកងទ័ពរបស់ពួកគេរង់ចាំតែការឲ្យសញ្ញាអនុញ្ញាតពីលោក គីម ជុងអ៊ុន តែប៉ុណ្ណោះ។ គួរបញ្ជាកដែរថា បើតាមពិតទៅសង្រ្គាមរវាងកូរ៉េខាងត្បូងនិងកូរ៉េខាងជើង ដែលបានផ្ទុះឡើងចាប់ពីឆ្នាំ១៩៥០ដល់ឆ្នាំ១៩៥៣ មិនទាន់ត្រូវបានបញ្ចប់ជាផ្លូវការនៅឡើយទេ ដោយសារតែពុំមានសន្ធិសញ្ញាណាមួយត្រូវបានចុះហត្ថលេខាព្រមព្រៀងគ្នារវាងប្រទេសទាំងពីរ៕