(វ៉ាស៊ីនតោន)៖ អនាគតប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ បានបញ្ជាក់ថាវាមិនចាំបាច់នោះឡើយក្នុងការយកយន្តហោះដែលមានតម្លៃរាប់ពាន់លានដុល្លារ មកធ្វើជាមធ្យោបាយធ្វើដំណើរតាមផ្លូវអាកាសសម្រាប់លោក នៅពេលដែលមហាសេដ្ឋីអចលនទ្រព្យរូបនេះ បានក្លាយជាប្រមុខមេដឹកនាំកំពូលរបស់សហរដ្ឋអាមេរិក ជាផ្លូវការនៅឆ្នាំក្រោយនេះ ដោយសារតែក្រុមហ៊ុនផលិតយន្តហោះ Boeing បានទារថ្លៃកប់ពពកពេកសម្រាប់ការសាងសង់យន្តហោះ Air Force One ថ្មី ដែលមនុស្សគ្រប់បានស្គាល់ថាជាយន្តហោះរបស់ប្រធានាធិបតីអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានរុស្ស៊ី Sputnik នៅមុននេះបន្តិចនារសៀលថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០១៦។
ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Fox News លោក ដូណាល់ ត្រាំ បានលើកឡើងដូច្នេះថា «ខ្ញុំមិនត្រូវការយន្តហោះតម្លៃ៤.២ពាន់លានដុលារ ដើម្បីធ្វើដំណើរនោះឡើយ»។ ការលើកឡើងបែបនេះត្រូវបានធ្វើឡើងបន្ទាប់ពីដើមសប្តាហ៍មុនលោក ត្រាំ បានធ្វើការរិះគន់ធ្ងន់ៗទៅក្រុមហ៊ុន Boeing ដែលជា អ្នកផលិតយន្តហោះឲ្យសហរដ្ឋអាមេរិកតាំងពីឆ្នាំ១៩៤៣មកម៉្លេះនោះ តាមរយៈបណ្តាញទំនាក់ទំនងសង្គម Twitter ថា «ក្រុមហ៊ុន Boeing កំពុងតែផលិតយន្តហោះ Air Force One ថ្មីសម្រាប់អនាគតប្រធានាធិបតីអាមេរិក ប៉ុន្តែក្នុងតម្លៃហួសហេតុពេកគឺដល់ទៅជាង៤ពាន់លានដុល្លារក្នុងមួយគ្រឿង, លុបចោលការបញ្ជាទិញភ្លាមទៅ!»។
គួរបញ្ជាក់ថា គំរោងនៃការផលិតយន្តហោះ Air Force One ថ្មីនេះត្រូវបានរៀបចំឡើងដោយសារតែយន្តហោះ Air Force One ដែលកំពុងប្រើប្រាស់សព្វថ្ងៃគឺ Boeing ធុន 747-200 ទាំងពីរគ្រឿងនឹងឈានដល់អាយុកាលកំណត់របស់វា គឺបីទសវត្សរ៍គត់នៅឆ្នាំ២០១៧ក្រោយនេះ ហើយគេមិនអាចប្រថុយប្រថាន ដោយនៅតែបន្តប្រើប្រាស់យន្តហោះដែលមានតួនាទីដ៏សំខាន់នេះ ក្នុងការដឹកមេដឹកនាំប្រទេសមហាអំណាចពិភពលោកមួយទាំងមូលបាននោះឡើយ៕