(មូស្គូ)៖ ប្រធាននាយកដ្ឋានកិច្ចការអឺរ៉ុបនៃក្រសួងការបរទេសរុស្ស៊ីបានលើកឡើងថា ប្រទេសរុស្ស៊ីមានការជឿជាក់ខ្ពស់ថាអាវុធនុយក្លេអ៊ែ របស់សហរដ្ឋអាមេរិក ដែលមានវត្តមាននៅក្នុងប្រទេសអាល្លឺម៉ង់គ្រាន់តែជា «វត្ថុបុរាណ» នៃសម័យសង្រ្គាមត្រជាក់តែប៉ុណ្ណោះ ហើយជាក់ស្តែងអាវុធទាំងអស់នោះគ្មានសមត្ថភាពក្នុងការប្រើប្រាស់អ្វីបានជាប្រយោជន៍ឡើយ។ នេះបើតាមការចេញផ្សាយដោយព័ត៌មានរុស្ស៊ី Sputnik នៅមុននេះបន្តិចនារសៀលថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០១៦។
លោក Sergey Nechayev ជាមន្រ្តីរបស់ក្រសួងការបរទេសរុស្ស៊ីបានថ្លែងទៅកាន់សារព័ត៌មាន Sputnik ដូច្នេះថា «បើតាមការយល់ឃើញពី ខាងប្រទេសរុស្ស៊ី ពួកយើងប្រាកដក្នុងចិត្តថា អាវុធនុយក្លេអ៊ែរទាំងប៉ុន្មាន នៅក្នុងប្រទេសអាល្លឺម៉ង់ គឺគ្រាន់តែជាវត្ថុបុរាណនិងហួសសម័យ ដែលត្រូវបានបន្សល់ទុកតាំងពីជំនាន់ សង្រ្គាមត្រជាក់មកម្ល៉េះ ខណៈពួកវាមិនត្រូវបាន យកទៅប្រើប្រាស់ក្នុងការអនុវត្តន៍ ជាក់ស្តែងណាមួយឡើយ អស់រយៈពេលជាច្រើនទសវត្សរ៍ ណាស់មកហើយ និងគួរតែយកអាវុធទាំងអស់នោះទៅបោះចោល ក្នុងធុងសំរាមវិញទៅល្អជាង»។
គួរបញ្ជាក់ថា នៅក្នុងអំឡុងនៃសម័យសង្រ្គាមត្រជាក់ សហរដ្ឋអាមេរិកបានបញ្ជូនអាវុធនុយក្លេអ៊ែរ ជាច្រើនទៅកាន់ប្រទេសអាល្លឺម៉ង់៕