(តួកគី)៖ យន្ដហោះចម្បាំងតួកគី បានបើកការវាយប្រហារតាមផ្លូវអាកាសជាបន្តបន្ទាប់ទៅលើមូលដ្ឋានរបស់ក្រុមសកម្មប្រយុទ្ធនៃគណបក្សពលករឃើដ PKK នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ ហើយដែលការវាយប្រហារនេះ ត្រូវបានគេជឿជាក់ថាធ្វើឡើងក្នុងគោលបំណងសងសឹក ចំពោះការវាយប្រហារបំផ្ទុះរថយន្ដអត្តឃាត កាលពីថ្ងៃសៅរ៍ នៅឯទីក្រុងអ៊ីស្ដង់ប៊ូល។ នេះបើតាមយោធាតួកគី ដែលចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០១៦។
ការវាយប្រហារតាមផ្លូវអាកាសខាងលើបានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ នៅបន្ទាប់ពីក្រុមសកម្មប្រយុទ្ធឃើដ Faucons ដែលមានសម្ព័ន្ធភាពជាមួយគណបក្សពលករឃើដ PKK បានចេញមុខអះអាងទទួលខុសត្រូវលើការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតពីរលើកផ្ទួនគ្នា សម្លាប់មនុស្ស ៣៨នាក់ និង ១៥៥នាក់រងរបួសនៅខាងក្រៅពហុកីឡដ្ឋានក្នុងទីក្រុងអ៊ីស្ដង់ប៊ូល។ ដោយឡែកបើតាមយោធាតួកគីនៅក្នុងប្រតិបត្តិការយោធានេះយន្ដហោះចម្បាំងតួកគី បានបំផ្លាញមូលដ្ឋាន និងបរិក្ខាយោធារបស់ក្រុមសកម្មប្រយុទ្ធ PKK។
គួរបញ្ជាក់ថាជម្លោះរុំារ៉ៃរវាងក្រុមសកម្មប្រយុទ្ធ PKK និងកងកម្លំាងតួកគី អស់រយៈពលជាច្រើនឆ្នាំមកនេះ បានផ្ដាច់យកជីវិតមនុស្សច្រើនជាង ៤០,០០០ នាក់។ ចំណែកឯប្រទេស តួកគី, សហរដ្ឋអាមេរិក, និងសហភាពអឺរ៉ុប បានចាត់ទុកថា PKK គឺ ជាអង្គការភេរវកម្ម៕