(ប៉េកំាង)៖ ប្រព័ន្ធផ្សព្វផ្សាយចិននៅថ្ងៃចន្ទនេះបានព្រមាន លោក ដូណាល់ ត្រាំ ចំៗថាគោលនយោបាយចិនតែមួយ (ស្ដីពីកោះតៃវ៉ាន់) នឹងមិនអាចត្រូវបានចរចាឡើងវិញ ឬផ្លាស់ប្ដូរជាដាច់ខាត ដោយថែមទាំងបានចាត់ទុកប្រធានាធិបតីអាមេរិកជាប់ឆ្នោតរូបនេះគ្រាន់តែជា «ក្មេងបៀមដៃម្នាក់មិនយល់ពីការទូតអ្វីទាំងអស់»។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០១៦។
នៅក្នុងបទអត្ថាធិប្បាយមួយចុះផ្សាយនៅលើ សារព័ត៌មានជាតិនិយមចិន Global Times បានគូសបញ្ជាក់ថា គោលនយោបាយចិនតែមួយគ្មានផ្លូវផ្លាស់ប្ដូរជាដាច់ខាត ហើយការលើកឡើងបែបនេះធ្វើឡើងដើម្បីជាការឆ្លើយតបទៅនឹង លោក ត្រាំ ដែលបានគំរាមលែងទទួលស្គាល់គោលនយោបាយនេះ ចំពោះកោះតៃវ៉ាន់។ បន្ថែមពីលើនេះ បទអត្ថាធិប្បាយដដែលបន្តទៀតថា បើសិនជា សហរដ្ឋអាមេរិកគំាទ្រដោយបើកចំហឱ្យតៃវ៉ាន់មានឯករាជ្យភាព នោះចិនក៏អាចធ្វើបានដូចគ្នា គឺគាំទ្រដល់សត្រូវរបស់ទីក្រុងវ៉ាស៊ីនតោន។
គួររំលឹកថាលោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យម្សិលមិញ បានព្រមានថានឹងលែងទទួលស្គាល់គោលនយោបាយចិនតែមួយបើសិនជាមិនមានកិច្ចព្រមព្រៀងណាមួយជាមួយទីក្រុងប៉េកាំងទេនោះ។ គោលនយោបាយចិនតែមួយនេះឯង បានជម្រុញទីក្រុងវ៉ាស៊ីនតោនកាត់ផ្ដាច់ចំណងការទូតមួយផ្នែកជាមួយកោះតៃវ៉ាន់នៅឆ្នាំ១៩៧៩៕