(ដាម៉ាស់)៖ គ្មានមន្ទិលទៀតនោះឡើយ ថាកងទ័ពរដ្ឋាភិបាលស៊ីរី នឹងអាចដណ្តើមបានខេត្ត និងក្រុងអាឡេប៉ូទាំងមូលពីដៃក្រុមឧទ្ទាមគាំទ្រដោយសហរដ្ឋអាមេរិក ឬក៏អត់នោះព្រោះគិតមកទល់នឹងសប្តាហ៍ថ្មីនេះតំបន់កាន់កាប់ដោយក្រុមឧទ្ទាមចំនួន ៩៣ភាគរយហើយត្រូវបានដណ្តើមយកមកគ្រប់គ្រងវិញដោយកងទ័ពរបស់រដ្ឋាភិបាលរបស់លោក បាហ្សា អាល់ អាស្សាដ។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០១៦។
សារព័ត៌មានរដ្ឋស៊ីរីបានចេញផ្សាយយ៉ាងដូច្នេះថា «តំបន់ភាគច្រើនបំផុតនៃពួកឧទ្ទាមស្ថិតនៅភាគខាងកើតនៃទីក្រុងអាឡេប៉ូ ត្រូវបានកងទ័ពក្រសោបយកបានហើយ។ ទោះបីជាបែបនេះក្តី ជនស៊ីវិលចំនួនជាង ៣,០០០នាក់បានរត់ភៀសខ្លួនចេញពីតំបន់ Sukari, Fardos, និង Salahuddien ឆ្ពោះទៅកាន់កន្លែងដែលរដ្ឋាភិបាលស៊ីរីទើបយកមកគ្រប់គ្រងឡើងវិញ គិតចាប់តាំងពីថ្ងៃសៅរ៍សប្តាហ៍មុននេះមក»។
ដោយឡែកគ្រាន់តែមួយថ្ងៃអាទិត្យ ម្សិលមិញនេះប៉ុណ្ណោះ ប្រជាជនស៊ីរីជិត ៥,០០០នាក់បានភៀសខ្លួនចេញពីភាគខាងកើតទីក្រុងអាឡេប៉ូ ដើម្បីសុវត្ថិភាព។ ទោះបីជាបែបនេះក្តី ទីភ្នាក់ងារសិទ្ធិមនុស្សបានរិះគន់រដ្ឋាភិបាលស៊ីរី បានប្រើប្រាស់កម្លាំងយ៉ាងកម្រោល វាយសង្គ្រប់ទៅលើកងកម្លាំងរបស់ពួកឧទ្ទាម ខណៈរដ្ឋាភិបាលលោក អាស្សាដ បានអះអាងថានឹងក្រសោបយកទីក្រុងអាឡេប៉ូទាំងមូលតែម្តង៕