(អេហ្ស៊ីប)៖ ករណីបំផ្ទុះគ្រាប់បែកដ៏កក្រើកនៅក្នុងព្រះវិហារមួយកន្លែងនៃទីក្រុងគែរ ប្រទេសអេហ្ស៊ីបបានឆក់យកជីវិតមនុស្សកើនដល់យ៉ាងហោចណាស់ ២៥នាក់ និងអ្នករងរបួសចំនួន ៤៩នាក់ដែលវាគឺជាការវាយប្រហារដ៏សាហាវជាងគេបំផុត ទៅលើអ្នកកាន់សាសនាគ្រឹស្តនៅអេហ្ស៊ីបនាប៉ុន្មានឆ្នាំចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Washington Post នៅមុននេះបន្តិចនាព្រឹកថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០១៦។
យោងតាមសាក្សីជាច្រើននាក់ ហេតុការណ៍ខាងលើបានកើតឡើងនាវេលាម៉ោង ៩៖៤៥នាទីព្រឹក (ម៉ោងនៅអេហ្ស៊ីប) នៅក្នុងព្រះវិហារ Coptic Orthodox ក្រោយពេលដែលអ្នកគោរពសាសនាគ្រឹស្តប្រមាណជាង ព២០០នាក់បានបញ្ចប់ការសូត្រព្រះគម្ពីររបស់ពួកគេ ខណៈបុព្វជិតនៅទីនោះបានរៀបចំខ្លួនដើម្បីចាប់ផ្តើមការធ្វើធម្មទេសនាជាបន្ត។
មកទល់ព្រឹកថ្ងៃចន្ទនេះ គេពុំទាន់ឃើញមានក្រុមភេរវករណាមួយចេញមុខទទួលខុសត្រូវនៅឡើយទេ ប៉ុន្តែការសង្ស័យភ្លាមៗបានធ្លាក់ទៅលើក្រុមជ្រុលនិយមអ៉ឺស្លាម ដោយរួមបញ្ចូលទាំងក្រុមរដ្ឋអ៉ឺស្លាម ISIS នៅក្នុងប្រទេសអេហ្ស៊ីបផងដែរ ដែលជាក្រុមតែងតែបានបើកការវាយប្រហារសំដៅលើ កងទ័ព កម្លាំងប៉ូលិស និងមន្រ្តីរដ្ឋាភិបាល ជាច្រើនលើកច្រើនសារនៅទូទាំងប្រទេសអាហ្វ្រិកខាងជើងមួយនេះ។
គួរបញ្ជាក់ថាហេតុការណ៍ដ៏រន្ធត់នេះបាន កើតមិនដល់ពីរថ្ងៃផងនៅក្រោយការកើតមានឡើងនៃការបំផ្ទុះគ្រាប់បែកមួយផ្សេងទៀត ដែលសម្លាប់ជីវិតមន្រ្តីប៉ូលិសចំនួន ០៦នាក់ និងបណ្តាលឲ្យបីនាក់ផ្សេងរងរបួសនៅតាមដងវិថីឆ្ពោះទៅកាន់សំណង់ប្រាសាទពីរ៉ាមីដ ដ៏អស្ចារ្យរបស់ប្រទេសអេហ្ស៊ីប៕