(តូក្យូ)៖ ព្រះរាជអគ្គមហេសី មីឈីកូ (Michiko) របស់ព្រះចៅអធិរាជជប៉ុន អាគីហ៉ីតូ ត្រូវបានក្រុមវេជ្ជបណ្ឌិតធ្វើរោគវិនិច្ឆ័យឃើញថា ទ្រង់មានអាការ រលាកទងសួតកាលពីថ្ងៃសុក្រ សប្តាហ៍មុនក្រោយពេលដែលទ្រង់បានកើតរោគក្អក និងគ្រុនក្តៅបន្តិចបន្តួចមក។ នេះបើតាមមន្រ្តីនៃទីភ្នាក់ងាររៀបចំកិច្ចការព្រះរាជវាំង ដែលចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០១៦។
បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសជប៉ុនផ្ទាល់ ព្រះអង្គមហេសី មីឈីកូ បានចាប់ផ្តើមមានអាការក្អកចាប់តាំងពីខែវិច្ឆិកា កន្លងមកហើយក៏បានឆ្លងកាត់ការត្រួតពិនិត្យកាំរស្មីអិចកាលពីដើមខែធ្នូ នេះផងដែរ ប៉ុន្តែពុំបានឃើញមានអ្វីប្លែកខុសពីប្រក្រតីនោះឡើយ។ ដោយឡែកបន្ទាប់ពីត្រូវបានធ្វើរោគវិនិច្ឆ័យរកឃើញថា ទ្រង់មានជំងឺរលាកទងសួតមកទ្រង់ មីឈីកូ បានលុបចោលការយាងទៅចូលរួមព្រឹត្តិការណ៍នៃការប្រកួតការ៉ាតេដូកាលពីថ្ងៃអាទិត្យ សប្តាហ៍មុនដើម្បីយកពេលព្យាបាលនៅឯព្រះរាជវាំងវិញ។
គួរបញ្ជាក់ដែរព្រះអគ្គមហេសី មីឈីកូ គឺជាជនសាមញ្ញដំបូងគេបំផុត ដែលបានរៀបអភិសេកចូលទៅក្នុងក្រុមគ្រួសារ រាជវង្សនៃប្រទេសជប៉ុន នៅពេលដែលទ្រង់បានក្លាយជា ព្រះអគ្គមហេសីរបស់ព្រះចៅអធិរាជ អាគីហ៉ីតូ កាលពីឆ្នាំ១៩៥៩។ បច្ចុប្បន្នទ្រង់មានព្រះជន្មាយុ ៨២ព្រះវស្សាហើយ៕