(វ៉ែលលីងតុន)៖ គណបក្សជាតិនូវែលសេឡង់ ឬហៅកាត់ថា NZNP នៅថ្ងៃចន្ទនេះ បានប្រកាសតែងតាំងលោក Bill English ជានាយករដ្ឋមន្ត្រីថ្មីជំនួសលោក John Key ដែលបានលាលែងពីតំណែងដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីសប្ដាហ៍មុន ខណៈតំណែងឧបនាយករដ្ឋមន្ត្រីគឺបានទៅលើលោក Paula Bennett។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនសិនហួរ នៅព្រឹកថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០១៦។
លោក English នឹងត្រូវដឹកនាំរដ្ឋាភិបាលនូវែលសេឡង់ថ្មី រហូតដល់ការបោះឆ្នោតសភា ដែលគ្រោងនឹងធ្វើឡើងនៅខែកញ្ញា ឆ្នាំ២០១៧។ ជាមួយគ្នានោះដែរនៅក្នុងអំឡុងសន្និសីទសារព័ត៌មាន បុរសវ័យ ៥៤ឆ្នាំនេះ បានធានាថា រដ្ឋាភិបាលថ្មីរបស់លោកនឹងបន្តអនុវត្តន៍គោលនយោបាយរបស់លោក John Key ប៉ុន្តែលោកមិនបានបញ្ជាក់អ្វីលម្អិតនោះទេ នៅមុននឹងការរុះរើគណៈរដ្ឋមន្ត្រី។
គួរបញ្ជាក់ថា លោក Bill English គឺអាចចាត់ទុកថាជាស្ដាំរបស់លោក John Key ហើយលោកបានក្លាយជារដ្ឋមន្ត្រីហិរញ្ញវត្ថុនៅឆ្នាំ២០០៨ និងបានក្លាយជាតំណាងរាស្ត្រនៅឆ្នាំ១៩៩៩៕