(តេហេរ៉ង់)៖ ក្រុមហ៊ុនអាកាសចរណ៍រដ្ឋអ៉ីរ៉ង់ បានសម្រេចចុះហត្ថលេខាលើកិច្ចសន្យាដែលតម្លៃ ១៦.៦ពាន់លានដុល្លារ ដើម្បីទិញយន្តហោះដឹកអ្នកដំណើរចំនួន ៨០គ្រឿងពីក្រុមហ៊ុនផលិតយន្តហោះដ៏ល្បី Boeing របស់សហរដ្ឋអាមេរិក ដែលវាគឺជាកិច្ចសន្យារវាង អាមេរិក-អ៉ីរ៉ង់ ធំជាងគេបំផុតគិតចាប់តាំងតែពីការផ្ទុះឡើង នៃបដិវត្តន៍អ៉ឺស្លាមកាលពីឆ្នាំ១៩៧៩។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិចនាព្រឹកថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០១៦។
បើយោងតាមប្រភពព័ត៌មានដដែលលោក Farhad Parvaresh អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ IranAir បានឲ្យដឹងថាកិច្ចសន្យាកិច្ចសន្យានៃការទិញយន្តហោះដែលមានរយៈពេល ១០ឆ្នាំនេះ រួមមានយន្តហោះ Boeing ធុន 737 ចំនួន៥០គ្រឿង និងយន្តហោះ Boeing ធុន 777 ចំនួន៣០គ្រឿងដែលគិតជាទឹកប្រាក់សរុបស្មើនឹង ១៦.៦ពាន់លានដុល្លារសហរដ្ឋអាមេរិក។
ជាមួយគ្នានេះដែរពិធីចុះហត្ថលេខាលើកិច្ចសន្យានេះ ត្រូវបានធ្វើឡើងនៅក្នុងរដ្ឋធានីតេហេរ៉ង់នៃប្រទេសអ៊ីរ៉ង់ ដោយមានការអញ្ជើញចូលរួមពីលោក Fletcher Barkdull ប្រធានផ្នែកលក់របស់ក្រុមហ៊ុន Boeing នៅតាមតំបន់ក្រោយពេលដែលទទួលបានការយល់ព្រមពី រដ្ឋាភិបាលសហរដ្ឋអាមេរិកកាលពីខែកញ្ញា។
គួរបញ្ជាក់ថាទីក្រុងវ៉ាស៊ីនតោន បានដកទណ្ឌកម្មរបស់ខ្លួនជាច្រើនចេញពីប្រទេសអ៊ីរ៉ង់ នៅក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលបានចូលជាធរមានកាលពីខែមករា ដើមឆ្នាំ២០១៦នេះ ប៉ុន្តែការដាក់កំហិតដទៃៗផ្សេងទៀតនៅតែបន្តរក្សាវត្តមានដដែល ដោយមានន័យថាក្រុមហ៊ុនទាំងឡាយណា ដែលធ្វើការដោះដូរពាណិជ្ជកម្មជាមួយទីក្រុងតេហេរ៉ង់ ចាំបាច់ត្រូវទទួលបានការឯកភាពពីសេតវិមានជាមុនសិន៕