(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ដូណាល់ ត្រាំ បានទាត់ចោលរបាយការណ៍របស់ទីភ្នាក់ងារស៊ើបការសម្ងាត់ CIA ដែលថា រុស្ស៊ីបានជ្រៀតជ្រែក ចូលក្នុងកិច្ចការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ដើម្បីជួយឱ្យលោកឈ្នះឆ្នោត ដោយថែមទាំងបានចំអកៗថា របាយការណ៍នេះគឺជារឿងគួរឱ្យអស់សំណើច និងគ្រាន់តែលេសបិទបាំងភាពអៀនខ្មាស់ នៃគណបក្សប្រជាធិបតេយ្យ ចំពោះបរាជ័យរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន តែប៉ុណ្ណោះ។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០១៦។
ថ្លែងប្រាប់ស្ថានីយ៍ទូរទស្សន៍ Fox News លោក ត្រាំ បានលើកឡើងដូច្នេះថា៖ «ខ្ញុំគិតថាវាគឺជារឿងគួរឱ្យអស់សំណើច និងគ្រាន់តែជាលេសតែប៉ុណ្ណោះ ហើយខ្ញុំ ក៏មិនជឿដែរលើរបាយការណ៍របស់ CIA ត្បិតពួកគេមិនបានដឹងច្បាស់ថាតើ ចិន ឬរុស្ស៊ី ឬក៏អ្នកណាម្នាក់ ដែលចូល Hack ទន្និន័យនៃគណបក្សនយោបាយ នៅអំឡុងយុទ្ធនាការឃោសនាបោះ ឆ្នោតនោះទេ»។
សូមជំរាបថា កាលពីថ្ងៃសុក្រសប្ដាហ៍មុន CIA បានចេញផ្សាយនូវរបាយការណ៍មួយ ដែលអះអាងថារុស្ស៊ីបានព្យាយាម ជ្រៀតជ្រែតក្នុងកិច្ចការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី៨ ខែវិច្ឆិកា ដើម្បីជួយឱ្យលោក ដូណាល់ ត្រាំ ឈ្នះឆ្នោត៕