(​កេនយ៉ា)៖ មន្ត្រីកាកបាទក្រហមកេនយ៉ា បានឱ្យដឹងនៅថ្ងៃអាទិត្យនេះថា រថយន្ដកាមីញ៉ុងដឹកប្រេងមួយគ្រឿងបាន ផ្ទុះឆេះភ្លាមៗ នៅបន្ទាប់បុកគ្នាជាមួយរថយន្ដ ជាច្រើនគ្រឿងផ្សេងទៀត ដែលបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់៣០នាក់ ស្លាប់បាត់បង់ជីវិត នៅក្នុងភ្លើងឆេះយ៉ាងសន្ធោសន្ធៅ។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មាន BBC​​ នៅថ្ងៃអាទិត្យ ទី១១ ខែធ្នូ ឆ្នាំ២០១៦។​

មន្រ្តីប៉ូលិសបានបញ្ជាក់ដូច្នេះថា «រហូតមកទល់ពេលនេះ យើងបានប្រមូលសាកសពមនុស្ស ៣០នាក់ នៅបន្ទាប់ពីរថយន្ដកាមីញ៉ុងដឹកប្រេងមួយគ្រឿង ក្នុងគោលដៅ​ធ្វើដំណើរឆ្ពោះ​ទៅកាន់ប្រទេសអ៊ូហ្គង់ដា បានបាត់បង់ការគ្រប់គ្រង ហើយក៏បានបុកទង្គិចពេញមួយទំហឹងជាមួយរថយន្ដជាច្រើនគ្រឿងផ្សេងទៀត»

សូមជំរាបថា ហេតុការណ៍គ្រោះថ្នាក់ខាងលើ បានកើតឡើងកាលពីល្ងាចថ្ងៃសៅរ៍ ស្ថិតនៅចំងាយ១០គីឡូម៉ែត្រ ពីភាគខាងជើងនៃទីក្រុង Naivasha។ ដោយឡែក កាលពី២០០៩  ​មនុស្សយ៉ាងហោចណាស់១០០នាក់ក៏ធ្លាប់ត្រូវ បានភ្លើងដុតស្លាប់ទាំងរស់ផងដែរ នៅក្នុងគ្រោះថ្នាក់ផ្ទុះឆេះរថយន្ដដឹកប្រេង នៅឯទីក្រុង Molo ប្រទេសកេនយ៉ា៕ ​